សម្តេចធិបតី៖ នៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់កម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ទីតាំងនៅតំបន់ឱរ៉ាល់ខេត្តកំពង់ស្ពឺនេះ កាលពីមុនគឺជាទីតាំងសមរភូមិខ្មៅងងឹត ប៉ុន្ដែថ្ងៃនេះយើងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់កម្ពុជា។
ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនូវរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.កនាថ្ងៃនេះ ដែលស្ថិតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះ គឺជាមនុញ្ញផលនៃសន្តិភាព។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ប្រទេសកម្ពុជា មានលទ្ធភាពផលិតស៊ីម៉ងតិ៍ នៅឆ្នាំ ១៩៦១ ប៉ុន្ដែដោយសារសង្គ្រាមទើបបានបិទទៅវិញ ក្រោយសង្គ្រាមក៏មានការបើកឡើងវិញបន្តិចបន្តួច និងនាំចូលស៊ីម៉ងតិ៍ ពីក្រៅប្រទេស ប៉ុន្ដែរហូតដល់ឆ្នាំ២០០៧ កម្ពុជាចាប់ផ្ដើមធ្វើការផលិតរោងចក្រស៊ីម៉ងតិ៍អាចផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់នៅក្នុងស្រុកបាន៕