ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ជាទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងអស់ នៃក្រសួងមហាផ្ទៃ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញផ្តល់កិត្តិយសជាអធិបតី និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់យើងខ្ញុំទាំងអស់គ្នា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញជាគណៈអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងពិធីជាប្រវត្តិសាស្ត្រនេះ៕

