ការផ្សងលើការបរិភោគរបស់គោឧសភរាជ បង្ហាញថា ឆ្នាំនេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អប្រសើរ

ភ្នំពេញ៖ បន្ទាប់ពីបានច្រត់ព្រះនង្គ័ល៣ជុំរួចហើយព្រាហ្មណ៍ព្រះរាជគ្រូ បានសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឱ្យបរិភោគអាហារ ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុ ប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែត១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ។
តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍ ព្រះ រាជគ្រូយកទឹកមន្តបោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូបដែលកាន់នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧ យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្តបរិ ភោគ អ្វីក៏បរិភោគទៅគេមិនបង្ខំឱ្យបរិភោគចំពោះអាហារណានីមួយៗទេ កាលព្រះគោបរិភោគអ្វីមួយយ៉ាង ឬពីរយ៉ាង ព្រាហ្មណ៍ក៏ទាយផល ប្រផ្នូលទៅខាងមុខតាមនោះ។
ឯទំនាយមិនជាការប្រាកដប៉ុន្មានទេ គឺថាបើព្រះគោបរិភោគអ្វីក៏ទាយថា ក្នុងឆ្នាំនេះ៖ របស់នោះសម្បូរប្លែក តែបើបរិភោគក្តៅទាយថា នឹងកើតជំងឺគោបើបរិភោគស្រានឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន
ក្នុងព្រះរាជពិធីនាព្រឹកនេះ គោឧសភរាជបរិភោគ ស្រូវ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៨០ភាគរយ តាមការបរិភោគនេះបង្ហាញថាឆ្នាំម្សាញ់នេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អប្រសើរ៕

