រដ្ឋសភាកម្ពុជា បានកំពុងជំរុញការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជនក្នុងការលើកកម្ពស់សេវាសង្គម ការព្យាបាល ថែទាំសុខភាព និងការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋសភានីតិកាលទី៧ បានកំពុងជំរុញដល់ការកសាងភាពជាដៃគូរវាងផ្នែកសាធារណៈនិងឯកជនក្នុងការលើកកម្ពស់សេវាបង្ការ ព្យាបាល និងថែទាំសុខភាព ឈរលើគោលការណ៍ផលប្រយោជន៍សុខភាពសាធារណៈ និងធុរកិច្ច ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល ការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស សុខាភិបាល និងការប្រើប្រាស់បច្ចេលវិទ្យាសុខាភិបាលឌីជីថល ជាដើម។ បន្ថែមពីនេះ រដ្ឋសភាក៏បានកំពុងជំរុញ ការស្រឡាញ់សុខភាព ការអនុវត្តទម្លាប់ល្អ នាំមកនូវសុខភាព ក្រោមទិសស្លោកថា “ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង”។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្ដីពី «ការឈ្វេងយល់ពីកបខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០: ពន្ធលឿនការអនុវត្ដកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជន និងអភិវឌ្ឍន៍ (ICPD) នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
សិក្ខាសាលានេះ រៀបចំធ្វើឡើងដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីត យុទ្ធជន យុវនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨)សហការជាមួយក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងដៃគូអន្តរជាតិ មួយចំនួន ដូចជាសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ CAPPD វេទិកាសភា អាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍ (AFPPD) អង្គការ AFPPD, UNFPA, និង CAPPD ជាដើម។ សិក្ខាដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួម ពីថ្នាក់ដឹកនាំអង្គការ សហប្រជាជាតិ ដើម្បីប្រជាជននិងអភិវឌ្ឍប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជូនសមាជិកសមាជិការដ្ឋសភា ដៃគូអភិវឌ្ឍន៍នានា ថ្នាក់ដឹកនាំនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភានិងព្រឹទ្ធសភា ដែលតែងតែចូលរួមយ៉ាងសកម្មនៅក្នុងសិក្ខាសាលានិងវេទិកានានា ដែលរដ្ឋសភាបានរៀចំឡើង ដែលបង្ហាញឱ្យឃើញពីការរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតីទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ នៅក្នុងការស្វែងយល់ ចង់ដឹងចង់ចេះដោយមិនចេះនឿយហត់ ដែលជាកក្តាសំខាន់ជំរុញ ធ្វើឱ្យសភាកម្ពុជា បម្រើផលប្រយោជន៍ជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាព។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាសិក្ខាសាលាថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត និងសមស្របបំផុតសម្រាប់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភានិងភាគីពាក់ព័ន្ធ បានស្វែងយល់ពីវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមនានា ជាពិសេសឱកាសក្នុងការជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់ ទស្សនៈ សំដៅរួមគ្នាស្វែងរកនូវវិធីសាស្រ្ត និងដំណោះស្រាយសមស្រប ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងការអនុវត្តផែនការសកម្មភាព នៃសន្និអន្តរជាតិស្តីពីប្រជជននិងអភិវឌ្ឍន៍(ICPD)ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក៏ដូចជាឈានទៅម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០២៣០ដែលមាន ដូចជា ការសម្រេច ពុំមានភាពក្រីក្រ គ្រោះស្រេកឃ្លានស្មើសូន្យ សុខភាពនិងសុខុមាលភាព មាំមួន ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ចនិង ភាពជាដៃគូដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ដោយចីរភាព ជាដើម។
សម្តេចប្រធានរដ្ឋសភា បានថ្លែងការសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចំបង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលបានបង្កើនថវិកាជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយបានកើនដល់ ៥៥០ លានដុល្លារសហរដ្ឋ អាមេរិក ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសាកល ឱ្យបានទូលំ ទូលាយទូទាំងរាជធានីខេត្ត ដែលបានបន្តចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានកសាងសមិទ្ធផលជាច្រើនតាមរយៈនៃការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយអន្តរវិស័យ តាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ផែនការយុទ្ធសាស្ត្រជាតិគ្រប់ដំណាក់កាល ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា គោលនយោបាយជាតិ ស្តីពីការអប់រំ គោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិ ប្រជាជន គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ផែនការនារីរតនៈ និងផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល ជាដើមនោះ៕

