អ្នកនាំពាក្យព្រឹទ្ធសភា៖ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នៅទីម័រឡេស្ដេ ត្រូវបានថ្នាក់ដឹកនាំកំពូលនានារបស់ទីម័រឡេស្ដេ ប្រសិទ្ធនាមថាជារដ្ឋបុរសដ៏អស្ចារ្យនៅក្នុងតំបន់
ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅប្រទេសទីម័រឡេស្ដេ ក្រៅតែពីការដឹងគុណ សម្ដេចតេជោ ត្រូវបានថ្នាក់ដឹកនាំកំពូលនានារបស់ទីម័រឡេស្ដេ ប្រសិទ្ធនាមថាជារដ្ឋបុរសដ៏អស្ចារ្យនៅក្នុងតំបន់។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ធីរិទ្ធ លើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ គឺស្របទៅតាមការលើកកម្ពស់របស់សម្តេចលើ ផ្នែកការទូតព្រឹទ្ធសភា ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបានប្រមុខរដ្ឋនៃប្រទេសទាំងពីរទទួលបដិសណ្ឋារកិច្ច យ៉ាងល្អបំផុតនោះ។
ឯកឧត្ដមអ្នកនាំពាក្យព្រឹទ្ធសភាបញ្ជាក់ថា ក្នុងជំនួបជាមួយមេដឹកនាំអាស៊ាននាឱកាសទស្សនកិច្ចនៅឥណ្ឌូណេស៊ី និងទីម័រឡេស្ដេ សម្ដេចតេជោ តែងតែចងភ្ជាប់ឱ្យមេដឹកនាំអាស៊ានជាមួយមេដឹកនាំជំនាន់ក្រោយឱ្យបើកផ្លូវទំនាក់ទំនងគ្នាដែលអ្នកជំនាក់ក្រោយគួរបន្តនូវគំរូវីរភាពរបស់សម្ដេចតេជោបែបនេះ៕