សម្តេចធិបតី៖ រាជរដ្ឋាភិបាលនៅជាមួយប្រជាពលរដ្ឋ កសាងសមិទ្ធផលសម្រាប់ពលរដ្ឋមិនទៅណាចោលប្រជាពលរដ្ឋឡើយ សូមជឿជាក់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នពិភពលោកកំពុងមានបញ្ហាស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្ដែខ្ញុំសូមឱ្យប្រជាពលរដ្ឋ ជឿជាក់រាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលនៅជាមួយបងប្អូន កសាងសមិទ្ធផលសម្រាប់បងប្អូន មិនទៅណាចោលប្រជាពលរដ្ឋទេ។
ក្នុងឳកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ទាំងមូល។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោង នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២៥ នឹងមានតំបន់សេដ្ឋកិច្ចពិសេសមួយនៅ ក្បែរអាកាសយានដ្ឋាននោះថែមទៀត។ តំបន់សេដ្ឋកិច្ចពិសេសនោះក៏មានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធត ភ្ជាប់ជាមួយនឹងព្រែកជីកហ្វូណនតេជោផងដែរ៕

