ឯកឧត្តម ចាន់ សុធា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្ដីពីការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន, ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ, តំណាងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធប្រមាណ ៥៥០នាក់។
សិក្ខាសាលាឆ្លុះបញ្ចាំងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន គឺ៖
ទី១៖ បង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ នៃយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទី២៖ ការចែករំលែកនូវបទពិសោធល្អៗពាក់ព័ន្ធនឹងការអនុវត្តការងារផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយបណ្តឹងរបស់ប្រជាពលរដ្ឋជុំវិញការផ្តល់សេវារដ្ឋបាល ដោយការិយាល័យប្រជាពលរដ្ឋ។
ទី៣៖ ជាវេទិកាសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាពិគ្រោះយោបល់អំពីបញ្ហាប្រឈម ឬលើកឡើងនូវសំណើសំណូមពរនានា។
សូមជម្រាបជូនដែរថា សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤នេះ រៀបចំឡើងមានចំនួនមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ៕