នាយករដ្ឋមន្រ្តីជប៉ុន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូ និងក្លាជាមេដឹកនាំជប៉ុនដំបូងគេ ដែលចូលក្នុងក្នុងកិច្ចប្រជុំជាមួយអង្គការនេះ
តូក្យូ៖ នាយករដ្ឋមន្ត្រី Fumio Kishida បានឲ្យដឹងថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ក្នុងខែនេះ ក្នុងនាមជាមេដឹកនាំជប៉ុនដំបូងគេ ដែលចូលរួមក្នុងការប្រមូលផ្តុំនៃសម្ព័ន្ធសន្តិសុខលោកខាងលិច។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Kishida ក៏បានឲ្យដឹងផងដែរថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃនៃក្រុមប្រទេសឧស្សាហកម្មទាំង៧ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមិថុនា នៅទីក្រុង Schloss Elmau ប្រទេសអាល្លឺម៉ង់ មុនពេលកិច្ចប្រជុំរបស់អង្គការណាតូនៅរដ្ឋធានីម៉ាឌ្រីត របស់ប្រទេខអេស្ប៉ាញ។
កិច្ចប្រជុំកំពូលនឹងធ្វើឡើងនៅពេលដែលប្រទេសជាសមាជិកបន្តប្រឈមមុខនឹងបញ្ហាដែលកើតចេញពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Kishida បានលើកឡើងថា លោកមានបំណងគូសបញ្ជាក់នៅឯកិច្ចប្រជុំថា “ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង គឺមិនអាចអនុញ្ញាតបានគ្រប់ទីកន្លែងក្នុងពិភពលោក” ។
ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូរយៈពេលពីរថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា មេដឹកនាំត្រូវបានគេរំពឹងថា នឹងគាំទ្រនូវគោលគំនិតយុទ្ធសាស្រ្តថ្មីមួយ ដែលកំណត់បញ្ហាប្រឈមផ្នែកសន្តិសុខ ដែលកំពុងប្រឈមមុខនឹងសម្ព័ន្ធមិត្ត រួមទាំងការធ្វើយោធាយ៉ាងឆាប់រហ័សរបស់ប្រទេសចិន និងការខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យចុះខ្សោយនូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់៕