សម្ដេចធិបតី៖ ផ្លូវគឺជាអាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតមកដល់អាណត្តិទី៧នេះ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ផ្លូវគឺជាអាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលតាំង ពីអាណត្តិមុនរហូតមកដល់អាណត្តិទី៧នេះហើយផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការតភ្ជាប់ផ្លូវ គឺជាការបើកផ្លូវ និងលើកកម្ពស់ជីវភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ មានផ្លូវមានសង្ឃឹម មានផ្លូវផ្ដល់ឱកាសដល់ពលរដ្ឋអាចទាញយកផលនៅមូលដ្ឋាន ដូច្នេះទើបរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្ថែមថា ផ្លូវលេខ៤៤ ដែលតភ្ជាប់ពីទីរួមខេត្តកំពង់ស្ពឺ ទៅភ្នំឱរ៉ាល់ នឹងត្រូវធ្វើឱ្យកាន់តែប្រសើរនៅពេលឆាប់ៗខាងមុខនេះ ដើម្បីភា្ជប់ពីទីរួមខេត្តកំពង់ស្ពឺ ទៅឱរ៉ាល់ ចេញពីឱរ៉ាល់ទៅកោះកុង៕

