សម្ដេចធិបតី៖ រយៈពេលត្រឹមជិត ៣ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អំឡុងរយៈពេលត្រឹមជិត ៣ ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់, ក្នុងនោះបើនិយាយត្រឹមតែវិស័យការងារគឺកើនពីរោងចក្រសហគ្រាស ៣០០ កន្លែងកើនដល់ ៤០៤ រោងចក្រសហគ្រាសនៅក្នុងឆ្នាំ២០២៥ និងបង្កើតការងារបានជាង ១៥០០០ កន្លែងថែមទៀត។
ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើង គ្រឿង បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិត នៅ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃ ទី ២២ ខែមេសា ឆ្នាំ២០២៥នេះសម្ដេចធិបតី បានលើកឡើងថា កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ខណៈបើប្រទេសមានសង្គ្រាម គិតតែច្បាំងគ្នា គឺមិនអាចអភិវឌ្ឍន៍ ឬធ្វើអ្វីបានឡើយ។
សម្ដេចធិបតី បានបង្ហាញក្ដីរីករាយដែលបានត្រលប់មកកាន់រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីនៅព្រឹកនេះ ខណៈរោងចក្រនេះ គឺជាមោទនភាពមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅខេត្តពោធិ៍សាត់ក៏ដូចជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
ទន្ទឹមនិងនោះសម្ដេចធិបតី មានប្រសាសន៍ថា សម្ដេចធ្លាប់ឱ្យពិនិត្យមើលទិន្នន័យក្នុងរយៈពេល៣ឆ្នាំក្នុងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង គឺជាខេត្តឆ្លងកាត់ ភ្ញៀវទេសចរទៅហួសមកហួស, សកម្មភាពសេដ្ឋកិច្ចក៏មិនសូវមាន ប៉ុន្ដែពេលនេះខេត្តពោធិ៍សាត់មានក្រុមហ៊ុន និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ជាដើមដែលផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋក្នុងខេត្ត មានសក្ដានុពលឧស្សាហកម្ម និងជាការវិវត្តន៍ទៅមុខរបស់កម្ពុជា៕
