កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន
ភ្នំពេញ៖ កម្ពុជា-ចិនបានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ តំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើពិធីសារដំឡើងកម្រិត កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។
នេះបើយោងតាមលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ចេញផ្សាយដោយ ក្រសួងការបរទេសកម្ពុជា។
ភាគីទាំងពីរប្តេជ្ញាមិនអនុញ្ញាតឱ្យមានសកម្មភាពអរិភាពណាមួយកើតឡើងលើទឹកដីប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ ភាគីទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅនូវការបន្សំគ្នារវាងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។
ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកប ដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំងពីរក៏បានប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្ដុភារកម្ម។
ភាគីទាំងពីរបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ បើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ខណៈរួមគ្នាលើកកម្ពស់ការរីកចម្រើនជាបន្តបន្ទាប់ នៃច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការវិនិយោគ និងការសម្របសម្រួល៕