ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានបំពេញភារកិច្ចរក្សាសន្តិសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយជោគជ័យ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សុវត្ថិភាព របៀបរៀបរយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រកបដោយជោគជ័យ និងលទ្ធផលល្អប្រសើរ។
ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានធ្វើឡើងក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន ដោយមានការចូលរួមពីលោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរៈព្រដែនគោក អធិការនគរបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។
ជាមួយនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏សូមអរគុណចំពោះក្រុមគ្រួសារ របស់កងកម្លាំងនគរបាលទាំងអស់ ដែលបានលះបង់ពេលវេលា អនុញ្ញាតិ ឱ្យស្វាម៉ី ភរិយាមកបំពេញការងារស្របតាមតួនាទីនិងភារកិច្ចដែលជាកាតព្វកិច្ចមិនអាចខ្វះបានក្នុងពេលនេះ ព្រោះសមត្ថកិច្ចមិនអាចជួបជុំកំសាន្តសប្បាយជាមួយក្រុមគ្រួសារឱ្យដូចប្រជាពលរដ្ឋទូទៅបាន។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏សូមថ្លែងអំណរអរគុណចំពោះការដឹកនាំបញ្ជារបស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំទាំងអស់ដែលបានផ្តល់នូវអនុសាសន៍ដឹកនាំលើបញ្ហានេះរហូតមក។
ក្រៅពីនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏សូមអរគុណចំពោះការចូលរួមសហការពីសមត្ថកិច្ច អាជ្ញាធរពាក់ពន័្ធ ថ្នាក់ដឹកនាំនិងក្រុមការ ងារ (ស.ស.យ.ក) កងប្រជាការពារ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានអញ្ជើញមកកំសាន្តសប្បាយ ធ្វើដំណើរឆ្លងកាត់ស្នាក់អាស្រ័យ នៅក្នុងខេត្តបាត់ដំបង បានធ្វើឱ្យបរិយាកាសក្នុងពិធីបុណ្យប្រព្រឹត្តិទៅដោយសុខសុវត្ថិភាព ៕