អភិបាលខេត្តបាត់ដំបង អញ្ជើញជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃ វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ក្រោយចប់ចូលឆ្នាំ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុងឥតគិតថ្លៃវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ដើម្បីបន្តប្រកបរបរ បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨-២៥៦៩ គ.ស២០២៥ ដែលទីតាំងចំណតនៅឯផ្សារទំនើប ភួ ពុយ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ពីភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យធ្វើដំណើរទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់រថយន្តក្រុងសម្រាប់ខេត្តបាត់ដំបងមានរថយន្តចំនួន ៧៥គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅមកភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយធ្វើដំណើរដោយមិនបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ កម្មការិនី និយោជិត សិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ៕