ពលរដ្ឋ និងយុវជនជាង៤១ម៉ឺននាក់ ចូលរួមសង្ក្រាន្ត ក្នុងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះថា សង្ក្រាន្តឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងថ្ងៃទី២ គឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងយុវជនចូលរួមកំសាន្តសប្បាយក្នុងខេត្តកំពង់ឆ្នាំងប្រមាណជាង៤១ម៉ឺននាក់ ហើយនៅថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦នេះ នឹងមានអ្នកចូលរួមកាន់តែច្រើនក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីនៅកំពង់ឆ្នាំង។
នៅថ្ងៃទី១៥ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះកររហូតដល់ជាង៤១ម៉ឺននាក់ ដោយទឹកមុខពួកគាត់ពោរពេញដោយក្តីសប្បាយរីករាយ ហាក់បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តដ៍អស្ចារ្យនេះ របស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិសេសគឺជ្រកក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រជាពលរដ្ឋ និងយុវជនយើងប្រមាណជាង៤១ម៉ឺននាក់ បានសម្រុកមកចូលរួមលេងកំសាន្ត និងអបអរសាទរពិធីបុណ្យចូលឆ្នាំយ៉ាងកក្រើកនៅតំបន់ត្រជាក់ វិមានឯករាជ្យ និងមុខសាលាខេត្តកំពង់ឆ្នាំង រួមនឹងស្នូរសម្លេងភ្លេងកន្ត្រាក់អារម្មណ៍ ជាមួយនឹងការរាំរែកកំសាន្តយ៉ាងសប្បាយរីករាយ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅយ៉ាងរីករាយ ការលេងកំសាន្តល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរជាច្រើន និងការសំដែងផងដែរ ជាមួយនឹងទឹកមុខពេញចិត្តពេញថ្លើមខ្លាំងក្នុងសម័យសន្តិភាពយើងនេះ។
ប្រជាពលរដ្ឋ និងយុវជនបាននាំគ្នាលេងយ៉ាងសប្បាយរីករាយដោយគ្មានព្រួយបារម្ភអ្វីឡើយ ព្រោះប្រទេសយើងមានសុខសន្តិភាពពេញលេញបរិបូណ៌ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មានទំនុកចិត្តខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់គ្រងរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានយ៉ាងមានប្រសិទ្ធភាព ៕

