ឯកឧត្តម ទេព អស្នារិទ្ធ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន និងលោកជំទាវ ទេព រ៉ូហ្សេតន៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខាងមុខនេះ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំបាទសូមលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «គោរាគៈទេវី» សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។
ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕
