សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារអន្តរក្រសួង, រដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម សហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ។
នៅក្នុងឱកាសនោះសម្តេចធិបតី បង្ហាញក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគ ឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨»។
ជាមួយគ្នានេះ សម្តេចធិបតីបានថ្លែងថា សម្រាប់រដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍ ការខិតខំពង្រាយរបាយនៃការអភិវឌ្ឍ ដើម្បីឱ្យ ប្រជាជនទូទាំងប្រទេស អាចទទួលបាននូវឱកាស និងផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ គឺជាកាតព្វកិច្ចមូលដ្ឋានដ៏សំខាន់បំផុត ហើយក៏ជាចំណោទដ៏លំបាកបំផុតមួយដែរ ព្រោះថាជាទូទៅប្រទេសកំពុងអភិវឌ្ឍ តែងតែមានបញ្ហាកង្វះខាតធនធាន ហើយការជំរុញឱ្យមានការអភិវឌ្ឍ ព្រមៗគ្នា និងស្មើៗគ្នា នៅទូទាំងប្រទេស ពិតជាមិនអាចធ្វើទៅបានតាមការប្រាថ្នាចង់បានភ្លាមៗនោះដែរ៕

