សម្ដេចធិបតី៖ ការកសាងធនធានមនុស្សគឺមានសារៈសំខាន់ណាស់ សម្រាប់ជាតិ និងគ្រួសារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការកសាងធនធានមនុស្សគឺមានសារៈសំខាន់ណាស់សម្រាប់ជាតិ និងគ្រួសារប្រសិនបើគ្មានធនធានមនុស្ស គ្មានសមត្ថភាពនោះទេយើងត្រូវពឹងពាក់លើគេ។
សម្ដេចបានលើកឡើងបែបនេះក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្រោយការរលំដួលនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម យើងពឹងផ្អែកច្រើនលើអ្នកជំនាញការបរទេសឱ្យមកជួយកសាងអភិវឌ្ឍកម្ពុជា។ កម្ពុជាបានប្រឹងប្រែងជាបន្តបន្ទាប់អភិវឌ្ឍសមត្ថភាពខ្លួនឯងដល់បច្ចុប្បន្ន ដែលធ្វើឱ្យយើងប្រើប្រាស់ធនធានមនុស្សក្នុងប្រទេសគ្រប់កន្លែងទាំងអស់ ចំពោះអ្នកជំនាញការបរទេសមាននៅសល់តិចតួចប៉ុណ្ណោះ៕
