សម្តេចតេជោ បង្ហើបឲ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានតម្រូវឲ្យអ៊ុនតាក់គ្រប់គ្រងក្រសួងចំនួនប្រាំនៅកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបឲ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានតម្រូវឲ្យអ៊ុនតាក់គ្រប់គ្រងក្រសួងចំនួនប្រាំនៅកម្ពុជា ក្នុងនោះរួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, ក្រសួងហិរញ្ញវត្ថុ, ក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហើបឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានរំលឹកឡើងពីប្រវត្តិសាស្រ្តការតស៊ូ ជាមួយយុទ្ធមិត្ត ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការតស៊ូមតិក្នុងរដ្ឋសភា ដើម្បីទាមទារសំឡេងពីរភាគបី នៅក្នុងរដ្ឋសភា និងគោលការណ៍៥០បូក១។
សម្តេចតេជោ ក៏បានរំលឹកថា មានគណបក្សនយោបាយច្រើនណាស់ ដែលចង់ធ្វើឲ្យគណកប្សប្រជាជនកម្ពុជា បែកបាក់សាមគ្គីគ្នា ប៉ុន្តែការព្យាយាមរបស់គណបក្សទាំងនោះ ត្រូវបានបែកបាក់ខ្លួនឯងវិញ ៕

