បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារ បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៣មីនា ឆ្នាំ២០២៥។ ក្រោយសមត្ថកិច្ចស៊ើបអង្កេតទើបដឹងថា ឃាតកម្មកើតឡើងដោយសារ ជនដៃដល់ខឹងមិត្តភក្តិផឹកក្បត់មិនហៅ ទើបចងជាគំនុំ។
ហេតុការណ៍ដ៏រន្ធត់នេះស្ថិតនៅភូមិ ពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពុងស្ពឺ ដោយសមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណីឃាតកម្មកាប់សម្លាប់មនុស្ស បណ្ដាលឱ្យជនរងគ្រោះឈ្មោះ គួក ភួង អាយុ៥១ឆ្នាំ ស្លាប់នៅហ្នឹងកន្លែង។
ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ កត់កំណត់ហេតុសព និងបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ បាន ឡុង អាយុ៣៦ឆ្នាំ បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីធ្វើការសាកសួរព័ត៌មានលម្អិតបន្ថែម។
ពេលមកដល់កន្លែងសមត្ថកិច្ច ដោយមាននីតិវិធីសួរចម្លើយជនសង្ស័យ នៅទីបំផុតជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនគឺជាជនដៃដល់នៃអំពើឃាតកម្មនេះ ដោយបានសារភាពថា កន្លងមករូបគេ(ជនសង្ស័យ)បានទាស់ពាក្យសម្តីជាមួយជនរងគ្រោះរឿងទិញស្រា-សយកមកផឹក ដោយជនរងគ្រោះពេលមានលុយទិញស្រាយកទៅផឹកតែម្នាក់ឯង មិនហៅរូបគេដែលជាមិត្តរួមកែវឱ្យទៅផឹកជាមួយឡើយ។ ដោយមានកំហឹងក្នុងចិត្តលុះមកដល់ថ្ងៃកើតហេតុ រូបគេក៏បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះតែម្ដង។
ទោះយ៉ាងណា ក្រោយពីបញ្ចប់នីតិវិធីសួរចម្លើយជនសង្ស័យរួច បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បាននាំជនជាប់ចោទ រួមជាមួយវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

