ថៃប្រកាសថា ពលករចំណាកស្រុកមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលគ្រោងធ្វើដំណើរទៅលេងប្រទេសកំណើតវិញក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ អាចវិលត្រឡប់ទៅធ្វើការនៅឯប្រទេសថៃវិញដោយឥតគិតថ្លៃ

បាងកក៖ ក្រសួងការងារថៃ បានប្រកាសកាលពីថ្ងៃអង្គារទី១១មីនាថា ពលករចំណាកស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលគ្រោងធ្វើដំណើរទៅលេងប្រទេសកំណើតវិញក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ឬសង្ក្រាន្តឆ្នាំថ្មី អាចវិលត្រឡប់ទៅធ្វើការនៅឯប្រទេសថៃវិញដោយឥតគិតថ្លៃ នៅចន្លោះថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ពោលគឺមិនចាំបាច់ត្រូវការលិខិតអនុញ្ញាតចូលវិញនោះទេ។
ជាទូទៅ ពិធីបុណ្យចូលឆ្នាំ ឬ សង្ក្រាន្ត ត្រូវ បាន ប្រារព្ធ ពី ថ្ងៃ ទី១៣ដល់ទី១៥ ខែ មេសា ជា រៀង រាល់ ឆ្នាំ ខណៈពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធនៅប្រទេសក្បែរខាងគ្នាមួយចំនួនដូចជា៖ កម្ពុជា, កម្ពុជាក្រោម(វៀតណាម), ថៃ, ឡាវ, និងមីយ៉ាន់ម៉ា ប៉ុន្តែមានទម្រង់ខុសគ្នាបន្តិចបបន្តួច។ ដូច្នេះ ដើម្បីសម្រួលដល់បងប្អូនពលករខ្មែរ និងប្រទេសក្បែរខាង រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ភីផាត រ៉ាត់ឆាគីតប្រាកាន បានប្រកាសថា ការលើកលែងលិខិតអនុញ្ញាតឱ្យចូលធ្វើការវិញដោយឥតគិតថ្លៃនេះ ក្នុងគោលបំណងធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួលសម្រាប់កម្មករមកពីប្រទេសជិតខាង និងកាត់បន្ថយការចំណាយរបស់ពួកគេ ក្នុងរដូវបុណ្យចូលឆ្នាំ។
ជាក់ស្តែង លោកបានសង្កត់ធ្ងន់ថា៖«ពលករចំណាកស្រុកមានសារសំខាន់ណាស់ចំពោះសេដ្ឋកិច្ចថៃ។ ការលើកលែងនេះត្រូវបានចាត់ទុកថា ជាអំណោយដ៏សមស្រប ដែលអនុញ្ញាតឱ្យពួកគេត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ជាមួយនឹងគុណតម្លៃការងារកាន់តែប្រសើរឡើង»។
គួរជម្រាបថា ការលើកលែងនេះ អនុវត្តចំពោះតែអ្នកកាន់លិខិតឆ្លងដែនកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានទិដ្ឋាកាពលករស្របច្បាប់តែប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី១៥ ខែឧសភា ដើម្បីបំពេញការងារជាធម្មតាវិញ។ ការលើកលែងនេះ ក៏អនុវត្តចំពោះកូនចៅរបស់បងប្អូនពលករចំណាកស្រុក ក្រោមអាយុ១៨ឆ្នាំផងដែរ។
អគ្គនាយកនៃនាយកដ្ឋានការងារ លោក សុមឆៃ មរកតស្រីវ៉ាន់ បានរំលឹកឡើងវិញថា ពលករចំណាកស្រុកមិនគួរស្នាក់នៅផ្ទះ ឬស្រុកកំំណើតលើសពីរយៈពេលកំណត់នោះទេ។
ជាចុងក្រោយ លោកបញ្ជាក់ថា នាយកដ្ឋានរបស់លោកនឹងផ្សព្វផ្សាយជាសាធារណៈនូវគោលនយោបាយនេះ និងគោលការណ៍ណែនាំពាក់ព័ន្ធដល់ពលករចំណាកស្រុកទាំងអស់ ក៏ដូចជាស្នើសុំកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការអនុវត្តតាមកាលកំណត់ ដើម្បីជៀសវាងការប៉ះពាល់ដល់ស្ថានភាពការងាររបស់ពួកគេនៅក្នុងប្រទេសថៃ៕

