មន្រ្តីយោធាថៃម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ចាំទ្រូងរបួសធ្ងន់ នៅខេត្តភាគខាងត្បូង ក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែក និងបាញ់ប្រហារកាលពីចុងសប្តាហ៍

បរទេស៖ មន្ត្រីយោធាម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយឆ្មក់ ដោយក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ នៅមុខប៉ុស្តិ៍យោធាក្នុងស្រុក Bannang Sata នៃខេត្តព្រំដែន ភាគខាងត្បូងប្រទេសថៃ កាលពីព្រឹកថ្ងៃអង្គារនេះ។ ឧប្បត្តិហេតុនេះបានជំរុញឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការពារជាតិ របស់ថៃ គឺលោក Phumtham Wechayachai អំពាវនាវឱ្យមានការវាយតម្លៃឡើងវិញ នូវការចរចាសន្តិភាព នៅតំបន់ភាគខាងត្បូង។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីប៉ូលិសនៅប៉ុស្តិ៍នគរបាល Bannang Sata បាននិយាយថា លោកវីរៈសេនីយ៍ Phuwiwat Khamsong អាយុ ៤១ឆ្នាំ រស់នៅខេត្ត Nakhon Si Thammarat ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំទ្រូងផ្នែកខាងឆ្វេងនៅមុខប៉ុស្តិ៍យោធា Jatae នៅភូមិ Sanambin Moo 1 ក្នុង Tambon Khuen Bang lang ដែលបានទទួលការជូនដំណឹងនៅម៉ោង ៩:៤៥ព្រឹក។
ប៉ូលីសបាននិឲ្យដឹងថា មន្ត្រីយោធារូបនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ បានណាងសាតា មុនពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យយ៉ាឡា។ យោងតាមទាហាន នៅប៉ុស្តិ៍ គឺមិនបានដឹងចំនួនគ្រាប់ ដែលបានបាញ់ប្រហារអំឡុងពេលលបបាញ់ ទៅលើមន្ត្រីសន្តិសុខ នៅប៉ុស្តិ៍នោះទេ ដោយគ្រាប់កាំភ្លើងមួយចំនួន បានបាញ់ចំលោកវីរៈសេនីយ៍ Phuwiwat។
សូមជម្រាបថា ការបាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីមានអំពើហឹង្សា កាលពីចុងសប្តាហ៍ដែលបានបណ្តាលឱ្យមនុស្ស ៣នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារ ដាច់ដោយឡែកពីគ្នា ដោយពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារ នៅក្នុងខេត្ត Narathiwat និង នៅខេត្ត Pattani ភាគខាងត្បូងប្រទេសថៃ។
