អភិបាលខេត្តកំពង់ចាម៖ ទិវាអន្តរជាតិនារី ៨មីនា នៅកម្ពុជាត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ដើម្បីដាស់តឿន និងកែលម្អឥរិយាបថរបស់យុវវ័យ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប» ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍ សាខាខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ ជ័យជម្នះនៃការតស៊ូរបស់ស្ត្រីក្នុងការរំដោះខ្លួនចេញពីការរើសអើងនៅក្នុងសង្គមមានរយៈពេល ១១៤ឆ្នាំមកហើយ ដែលស្ទើរគ្រប់ប្រទេសនៅលើសកលលោកបានប្រារព្ធខួបអបអរសាទររំឭកឡើងវិញនូវជ័យជម្នះនេះ ការរំឭកអំពីការតស៊ូ និងជ័យជម្នះនេះ បានក្លាយទៅជា “ទិវាអន្ដរជាតិនារី” នៅលើសកលលោក ដែលត្រូវបានកំណត់យកថ្ងៃ ៨មីនា ជាថ្ងៃរំឭកនៃការតស៊ូនេះ ហើយដែលប្រទេសកម្ពុជាយើងទម្លាប់ហៅថា “ទិវាសិទ្ធិនារី”។ ប៉ុន្តែទោះជាយ៉ាងណា ចាប់ពីក្រោយថ្ងៃរំដោះ៧មករា ប្រទេសកម្ពុជាបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍នេះ ជារៀងរាល់ឆ្នាំ ហើយតែងតែលើកយកប្រធានបទផ្សេងៗទាក់ទងនឹងស្ត្រី សម្រាប់ពិភាក្សានៅក្នុងឱកាសប្រារព្ធខួបនេះ។
សម្រាប់ឆ្នាំនេះ ទិវាអន្តរជាតិនារី៨មីនានៅប្រទេសកម្ពុជាត្រូវបានរៀបចំឡើងក្រោមប្រធានបទស្ដីពី «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» សម្រាប់ជាគោលគំនិតក្នុងការពិភាក្សា និងជួយពង្រឹង ការអប់រំចំពោះយុវវ័យនៅក្នុងសង្គម ក៏ដូចជាដើម្បីដាស់តឿន និងកែលម្អឥរិយាបថរបស់យុវវ័យ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា កម្ពុជា គឺជាប្រទេសមួយដែលចាត់ទុកនារីជាមាតានៃប្រទេសជាតិតាំងពីយូរលង់ណាស់មកហើយ ដូចដែលយើងតែងតែបានឮនូវពាក្យថា «មាតុភូមិ ឬមាតុប្រទេសកម្ពុជា» ជាដើមដែលមានន័យថា «ស្រ្តីជាមាតានៃប្រទេសជាតិ» ហើយបច្ចុប្បន្ន យើងនៅតែទទួលស្គាល់ថា ស្រ្តីមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ និងអប់រំ ដូចសុភាសិតខ្មែរយើងនិយាយថា «ស៊ូស្លាប់បាកុំឱ្យស្លាប់មេ» ដែលនេះជាការបង្ហាញថា វត្តមានរបស់ម្ដាយផ្តល់នូវភាពកក់ក្ដៅដល់កូនៗ និងគ្រួសារទាំងមូល ៕

