មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ អញ្ជើញបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងអភិវឌ្ឍន៍ ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ប៊ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ នៃក្រសួងផែនការ បានអញ្ជើញជាអធិបតីភាព បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងអភិវឌ្ឍន៍ ដោយមានការចូលរួមពីរ ឯកឧត្តម យុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្ត ព្រមទាំង សមាជិក សមាជិកាដែលបានចូលរួមប្រមាណជាង ៨០នាក់ មកពីខេត្តចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ធ្វើឡើងនៅសណ្ឋាគារ ដឹវ៉ាយ ផាលេសរីសត ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្ត បានមានប្រសាសន៍ថា ការងារតាមដានត្រួតពិនិត្យវាយតម្លៃ ការងារជំរឿន អង្កេតនានា ការងារស្រង់តម្លៃទំនិញទីផ្សារ ការប្រមូលទិន្នន័យរៀបចំផលិតផលក្នុងស្រុកសរុបរបស់ខេត្ត (GDPសរុប ១,៥៣៣.៣ ដុល្លារក្នុងមនុស្សម្នាក់) ការងារប្រជាជននិងអភិវឌ្ឍន៍ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងអភិវឌ្ឍន៍ ដ៏មានសារៈសំខាន់នេះ ផ្ដល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ស្របតាមក្របខ័ណ្ឌអភិវឌ្ឍន៍របស់កម្ពុជា សម្រាប់គ្រប់ក្រសួងស្ថាប័ន និងតួអង្គពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងអភិវឌ្ឍន៍ ដោយឈរលើគោលការណ៍គោរពសិទ្ធិ និងជម្រើសរបស់បុគ្គល ជាពិសេសស្ត្រីនិងយុវវ័យចំពោះសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងការលុបបំបាត់អំពើហិង្សា ការរើសអើងប្រឆាំងនឹងស្ត្រី និងក្មេងស្រី។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ប៊ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ នៃក្រសួងផែនការ បានមានប្រសាសន៍ថា ការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ គឺផ្អែកលើមូលដ្ឋាននៃការប្តេជ្ញាចិត្តសកលនិងការធ្វើមូលដ្ឋាននីយកម្មស្របតាមបរិបទកម្ពុជា ដោយផ្ដោតលើទិដ្ឋភាពឌីណាមិកប្រជាសាស្រ្ត រួមមានការមានកូន មរណភាពមាតានិងទារក និងទេសន្តប្រវេសន៍ បញ្ហាទាក់ទងនឹងយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្ត្រី និងកត្តាសេដ្ឋកិច្ចសង្គម និងវប្បធម៌ ដែលជះឥទ្ធិពលដល់បម្រែបម្រួលប្រជាសាស្ត្រ។
ឯកឧត្តមបណ្ឌិត ប៊ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ នៃក្រសួងផែនការ បានបន្តថា ការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយជាតិប្រជាជន យុទ្ធសាស្ត្រជាតិសម្រាប់សុខភាពផ្លូវភេទ និងសិទ្ធិបន្តពូជផែនការយុទ្ធសាស្ត្រសុខាភិបាល ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី និងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៕

