អារ៉ាប់រួម ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរី

អាប៊ូដាប៊ី៖ ប្រទេសអារ៉ាប់រួម (UAE) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើទឹកដីស៊ីរីដោយបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះអធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយក្រសួងការបរទេស UAE ប្រទេសនេះបានបរិហារការវាយប្រហារថា ជាការបំពានច្បាប់អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ១៩៧៤ រវាងអ៊ីស្រាអែល និងស៊ីរី។ ក្រសួងបានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះផ្ទុយនឹងការបង្កើតក្របខ័ណ្ឌច្បាប់ និងធ្វើឱ្យអស្ថិរភាពក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។
អេមីរ៉ាតអារ៉ាប់រួម បានអះអាងជាថ្មីនូវការបដិសេធ របស់ខ្លួនចំពោះសកម្មភាពណាមួយ ដែលបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាពនៅក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ស៊ីរីបានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានធ្វើការវាយប្រហារតាមអាកាសទៅលើ ទីតាំងយោធាជាច្រើននៅភាគខាងត្បូងប្រទេសស៊ីរី និងនៅខាងក្រៅរដ្ឋធានីដាម៉ាស់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ស៊ីរី ៕
