ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និយាយថា ការដំឡើងពន្ធ២៥ភាគរយលើទំនិញម៉ិកស៊ិក និងកាណាដា នឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា

វ៉ាស៊ីនតោន៖ ប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈ ដូណាល់ ត្រាំ និយាយថា ការដំឡើងពន្ធ២៥ភាគរយលើទំនិញម៉ិកស៊ិក និងកាណាដា នឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា រួមជាមួយនឹងពន្ធបន្ថែម១០ភាគរយលើការនាំចូលពីប្រទេសចិន។
លោកត្រាំថា ពន្ធថ្មីលើការនាំចូលរបស់ចិន នឹងកើនឡើង២០ភាគរយ។ ដំបូងឡើយ លោក ត្រាំ បានប្រកាសពន្ធថ្មីលើការនាំចូលរបស់ចិន នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា លោកនឹងដាក់ពន្ធបន្ថែម១០ភាគរយ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៤ ខែមីនា។ នៅក្នុងការប្រកាសនោះ ត្រាំ បានបរិយាយថា៖«ថ្នាំញៀនឈ្មោះហ្វេតានីល នៅតែចូលមកក្នុងសហរដ្ឋអាម៉េរិកក្នុងកម្រិតខ្ពស់ណាស់ និងមិនអាចទទួលយកបាន។ ដូច្នេះ លោកបានសម្រេចចិត្តដាក់ពន្ធបន្ថែមលើការនាំចូលពីប្រទេសចិន»។
នៅពេលសួរថា តើម៉ិកស៊ិក និងកាណាដាមានវឌ្ឍនភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការនាំចេញសារធាតុហ្វេតានីលទៅកាន់សហរដ្ឋអាម៉េរិកដែរឬទេ? ប្រធានាធិបតី ត្រាំ ឆ្លើយថា៖«ខ្ញុំមិនឃើញវាទាល់តែសោះ។ ទេ.មិនមែនលើគ្រឿងញៀនទេ»។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសេតវិមានម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា មានការពិភាក្សាជាបន្តបន្ទាប់ជាមួយចិន ម៉ិកស៊ិក និងកាណាដា។ យើងទទួលបានដំណោះស្រាយដ៏ល្អលើបញ្ហាចំណាកស្រុក ប៉ុន្តែនៅតែមានការព្រួយបារម្ភលើបញ្ហាហ្វេតានីល។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ មនុស្សចំនួន៧២៧៧៦នាក់បានស្លាប់ដោយសារថ្នាំអាភៀនសំយោគក្នុងឆ្នាំ២០២៣ នៅសហរដ្ឋអាម៉េរិក ភាគច្រើនមកពីសារធាតុហ្វេតានីល។
ភ្នាក់ងារគយ និងភ្នាក់ងារល្បាតព្រំដែន រឹបអូសបានសារធាតុហ្វេតានីល ចំនួន៩៩១ផោន (ឬប្រមាណ៤៤៥,៩៥គីឡូក្រាម) នៅព្រំដែនភាគនិរតីក្នុងខែមករា ឆ្នាំ២០២៥ ធ្លាក់ចុះ៥០,៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លោឌៀ សៀនបាម និយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកស្រីសង្ឃឹមថា នឹងជជែកពិភាក្សាជាមួយលោក ត្រាំ បន្ទាប់ពីកិច្ចប្រជុំថ្នាក់គណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។
លោកស្រី សៀនបាម និយាយថា៖«ដូចដែលអ្នកបានដឹងហើយថា គាត់មានវិធីទំនាក់ទំនងរបស់គាត់។ ប៉ុន្តែ រដ្ឋាភិបាល របស់ លោកស្រី នៅ តែ មានសុទិដ្ឋិនិយម ចំពោះ កិច្ចព្រមព្រៀង ដែល រួមគ្នា ដើម្បី បញ្ចៀស ការដាក់ពន្ធគយ។ ខ្ញុំសង្ឃឹមថា យើងអាចឈានដល់កិច្ចព្រមព្រៀងមួយហើយនៅថ្ងៃទី៤ ខែមីនា»។
លោកស្រីប្រធានាធិបតី បានសង្កត់ធ្ងន់ថា គោលដៅរបស់ម៉ិកស៊ិក គឺដើម្បីការពារកតិកាសញ្ញាពាណិជ្ជកម្មសេរី ដែលត្រូវបានចរចាក្នុងអំឡុងពេលរដ្ឋបាល ត្រាំ ដំបូងរវាងម៉ិកស៊ិក និងសហរដ្ឋអាម៉េរិក។ កិច្ចព្រមព្រៀងឆ្នាំ២០២០ នោះ រាប់បញ្ចូលទាំងប្រទេសកាណាដា គឺជាការធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាម៉េរិកខាងជើង ចាប់ពីឆ្នាំ១៩៩៤។
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក ហ៊ុន រ៉ាម៉ុន ដឺ ឡា ហ្វឺនតេ (Juan Ramón de la Fuente) ក៏គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ ដែរ។
ដោយឡែក នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ និយាយថា ប្រទេសរបស់លោក បានវិនិយោគជាង១ពាន់លានដុល្លារកាណាដា ដើម្បីបង្កើនសន្តិសុខតាមព្រំដែន ដោយបន្ថែមថា រដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលរបស់លោក ក៏ស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះផងដែរ។
ជាមួយគ្នា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បានសរសេរទៅកាន់លោក ជេមីសុន ហ្គ្រឺរ (Jamieson Greer) ជាអ្នកតំណាងពាណិជ្ជកម្មអាម៉េរិកថា ភាពខុសគ្នាលើពាណិជ្ជកម្ម គួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការចរចា។ រហូតមកដល់ពេលនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មិនបានចូលរួមក្នុងការចរចាអំពីសារធាតុហ្វេតានីលទេ ផ្ទុយទៅវិញអនុវត្តកាតព្វកិច្ចសងសឹកដោយបានដាក់ពន្ធ១០ភាគរយលើថាមពល និងឧបករណ៍កសិកម្មរបស់សហរដ្ឋអាម៉េរិក។
ការ ដំឡើង ពន្ធ បន្ថែម អាច បង្ក ហានិភ័យ ដល់ សេដ្ឋកិច្ច ចិន និង អាម៉េរិក។ ចិន បាននិងកំពុងតស៊ូជាមួយនឹងវិបត្តិអចលនទ្រព្យ និងតម្រូវការក្នុងស្រុកចុះខ្សោយ ខណៈពេលអតិផរណារបស់សហរដ្ឋអាម៉េរិកនៅតែជាប់គាំង ហើយអត្រាការប្រាក់ត្រូវបានកើនឡើង។ ចិន ម៉ិកស៊ិក និងកាណាដា គឺជាដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់អាម៉េរិក ដែលរួមគ្នាមានចំនួនច្រើនជាង៤០ភាគរយនៃការនាំចូលទៅកាន់សហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ក្រៅពីប្រទេសម៉ិកស៊ិក កាណាដា និងចិន ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ អះអាងកាលពីថ្ងៃពុធទី២៦កុម្ភៈថា រដ្ឋបាលរបស់លោកបានសម្រេចចិត្តរួចរាល់ហើយ ដើម្បីដាក់ពន្ធ២៥ភាគរយលើផលិតផលពីសហភាពអឺរ៉ុប (EU) រួមទាំងរថយន្ត និងផលិតផ្សេងទៀតផងដែរ៕

