រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសូមសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរព ជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ឯកឧត្ដមបានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្ដមហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានថ្លែងប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្ដថែរក្សាពូនជ្រុំ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីអភិវឌ្ឍ និងលើកកម្ពស់ វិស័យទេសចរណ៍ ឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦.៧ លាននាក់កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបនឹងឆ្នាំ២០២៣។វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិក្នុងនោះ ឆ្នាំ២០២៣ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣ ០៨៣លានដុល្លារ, ឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣ ៦៣៧លានដុល្លារ ដោយរួមចំណែកប្រមាណ៩.៤% នៃផលិតផលក្នុងស្រុកសរុប ហើយតាមការព្យាករណ៍ក្នុងឆ្នាំ២០២៥ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥ ១០០លានដុល្លារអាម៉េរិក ដោយរួមចំណែកប្រមាណ១០.៥% នៃ ផលិតផលក្នុងស្រុកសរុប៕

