នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឲ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងវិស័យទេសចរណ៍ ត្រូវចេះទទួលយកការរិះគន់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធទាំងជាមួយវិស័យទេសចរណ៍ ត្រូវចេះទទួលយកការរិះគន់ ក្នុងន័យស្ថាបនា ហើយធ្វើការកែលម្អ សំដៅធ្វើឱ្យកាន់តែប្រសើរឡើង ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅមណ្ឌលសន្និបាត និងពិព័រណ៍ OCICជ្រោយចង្វារ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីជំរុញល្បឿនការងារឱ្យមានប្រសិទ្ធភាព និងកាន់តែប្រសើរ គ្រប់ក្រសួងស្ថាប័ន្ធពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ទៅលើការទទួលយកនូវមតិយោបល់ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និងកែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋកិច្ចភ្ញៀវទេសចរណ៍ រាប់តាំងពីច្រកទ្វារអន្តរជាតិ ទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស បញ្ហាអន្តោប្រវេសន៍ និងផ្នែកពាក់ព័ន្ធនានា ដើម្បីបង្ហាញភាពជាខ្មែរ និងស្នាមញញឹមខ្មែរ តាំងពីពេលភ្ញៀវទេសចរ ចូលមកដល់ដំបូង ៕

