សម្ដេចធិបតី ណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់កុំមើលស្រាលរឿងរ៉ាវតូចតាចលើវិស័យទេសចរណ៍ ខណៈបញ្ហាតូចក៏អាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាបានដែរ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់កុំមើលស្រាលរឿងរ៉ាវតូចតាចលើវិស័យទេសចរណ៍ឱ្យសោះ ខណៈដែលបញ្ហាតូចក៏អាចបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាបានដែរ ជាពិសេសបញ្ហាសេវាកម្ម សន្ដិសុខ សណ្ដាប់ធ្នាប់ជាដើមនៅតាមតំបន់ទេសចរណ៍។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានសកម្មភាពទេសចរណ៍ពេលរាត្រីនៅតាមទីសាធារណៈនៅតាមរាជធានីខេត្តនានា ដើម្បីបង្កើនការទាក់ទាញទេសចរ។
សម្ដេចធិបតី បានផ្ដល់ជាឧទាហរណ៍ថា នៅលានជល់ដំរីក្នុងខេត្តសៀមរាប គួររៀបចំសកម្មភាពកម្សាន្តនៅពេលរាត្រី ដើម្បីបង្កើនការទាក់ទាញទេសចរដែលចេញមកពីមើលប្រាសាទនានា។ សម្ដេចធិបតី បញ្ជាក់បន្ថែមថា សកម្មភាពទេសចរណ៍ពេលរាត្រីនេះ វិស័យឯកជនចូលរួមធ្វើក៏បាន ៕

