កុមារម្នាក់នៅរដ្ឋតិចសាស់ ស្លាប់ដោយសារជំងឺកញ្ជ្រឹល ដែលជាការស្លាប់លើកដំបូង

វ៉ាស៊ីនតោន៖ កុមារម្នាក់នៅរដ្ឋតិចសាស់បានស្លាប់ដោយសារជំងឺកញ្ជ្រឹល ដែលជាការស្លាប់លើកដំបូង ខណៈមានការឆ្លងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍នៅសហរដ្ឋអាម៉េរិក ទន្ទឹមនឹងការផ្ទុះឡើងនៃករណីឆ្លងជាង១៣០ករណីនៅរដ្ឋចំនួនពីរ។
នាយកដ្ឋានសុខភាពរដ្ឋតិចសាស បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារម្នាក់ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្រ្ជឹល បានស្លាប់នៅក្នុងមន្ទីរពេទ្យកុមារមួយ។ លោកស្រី អាមី ថមសុន នាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារ Covenant នៅទីក្រុង Lubbock បានសង្កត់ធ្ងន់ថា៖«យើងមានក្មេងៗជាច្រើនចូលមកព្យាបាល ហើយច្បាស់ណាស់ថា យើងមិនបានត្រៀមខ្លួនទេ»។ ប្រធានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យខាងលើបន្តថា អ្នកជំងឺបានបង្ហាញរោគសញ្ញាដូចជា៖គ្រុនក្ដៅខ្លាំង ភ្នែកឡើងក្រហម តឹងច្រមុះ ក្អក និងកន្ទួលនៅលើផ្ទៃមុខ ខណៈកុមារទាំងនោះត្រូវការការព្យាបាលដោយដាក់អុកស៊ីហ្សែន និងថ្នាំសម្រាប់គ្រុនក្ដៅខ្លាំង។
មន្ត្រីសុខាភិបាលរដ្ឋតិចសាសបានលើកឡើងថា យ៉ាងហោចណាស់មនុស្ស១២៤នាក់ត្រូវបានគេដឹងថា បានឆ្លងជំងឺកញ្រ្ជឹលនៅតំបន់ West Texas ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២៥មក ប៉ុន្តែក្នុងចំណោមនោះមាន៥នាក់មិនបានចាក់វ៉ាក់សាំងទេ ហើយភាគច្រើនជាកុមារ។ ករណីចំនួន៩បន្ថែមទៀតត្រូវបានប្រកាសកាលពីថ្ងៃអង្គារទី២៥ ខែកុម្ភៈនៅភាគខាងកើតនៃរដ្ឋ New Mexico នៅជិតបន្ទាត់ព្រំដែនរដ្ឋតិចសាស ដែលកំពុងផ្ទុះរីករាលដាលដល់តំបន់ប្រហែល១០ផ្សេងទៀត។ ជាមួយគ្នានេះ នាយកដ្ឋានសុខាភិបាលនៃរដ្ឋ New Mexico បានព្រមានថា៖«ដោយសារតែជំងឺកញ្ជ្រឹលឆ្លងខ្លាំង ករណីឆ្លងបន្ថែមទំនងជានឹងកើនឡើង»។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាម៉េរិក អត្រាមរណភាពរបស់សហរដ្ឋអាម៉េរិកដោយសារជំងឺកញ្ជ្រឹល សាយភាយតាមខ្យល់ តាមផ្លូវដង្ហើម ការក្អក ឬកណ្តាស គឺមានចំនួនអ្នកស្លាប់ពីម្នាក់ ទៅ ៣នាក់ក្នុងចំណោមករណីដែលបានរាយការណ៍ចំនួន១០០០ករណី។ ទន្ទឹមនឹងការស្លាប់ដោយជំងឺកញ្ជ្រឹលចុងក្រោយរបស់សហរដ្ឋអាម៉េរិក គឺនៅឆ្នាំ២០១៥។ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃរដ្ឋតិចសាសបានប្រាប់សារព័ត៌មាន ABC ថា ការផ្ទុះឡើងកំពុងបន្តកើតមានលើកុមារតូចៗ និងក្មេងជំទង់ភាគច្រើន ខណៈករណីដំបូងត្រូវបានកើតឡើងនៅក្នុងសហគមន៍ជនបទ និងកុមារមិនទាន់ចាក់វ៉ាក់សាំងជាដើម។
តាមពិតទៅ កញ្ជ្រឹលត្រូវបានលុបបំបាត់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០០០ មកម្ល៉េះ។ យ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មន្ត្រីសុខាភិបាលសហព័ន្ធអាម៉េរិកបានសន្មតថា ការផ្ទុះឡើងនៃជំងឺកញ្រ្ជឹលនេះ គឺដោយសារឪពុកម្តាយរបស់ពួកគេមិនព្រមចាក់វ៉ាក់សាំងកូន។ គួរបញ្ជាក់ថា បន្ទាប់ពីមានករណីស្លាប់ដោយសារជំងឺកញ្រ្ជឹល ឥឡូវនេះទីក្រុង Lubbock កំពុងផ្សព្វផ្សាយអំពីការចាក់វ៉ាក់សាំងកញ្ជ្រឹល សម្រាប់កុមារទាំងហ្លាយណាដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយគ្លីនិកចាក់ដោយឥតគិតថ្លៃ៕

