ឯកឧត្តម ប៉េង ពោធិ៍សា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីមានប្រសាសន៍បេីកកិច្ចប្រជុំ និងប្រគល់ថវិកាជ័យលាភីក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់លោកអភិបាលក្រុង/ស្រុកទាំង៨ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ទៅលើការការពារសន្តិសុខសណ្តាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើជូនប្រជាពលរដ្ឋ។
២. អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាននៅតាមទីប្រជុំជននានា ជាពិសេសស្រុក ក្រុង ដែលនៅជាប់បណ្តោយផ្លូវជាតតិលេខ១ ត្រូវពិនិត្យ និងសម្អាតអោយបានស្អាតនិងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។
៣. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់ បន្តយកចិត្តទុកដាក់លើការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៤. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៥. បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
៦. មន្ទីរការងារ រួមទាំងរដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ដើម្បីចុះឈ្មោះចូលបម្រើការងារនៅតាមតំបន់រោងចក្រនានាក្នុងខេត្តដែលកំពុងមានតម្រូវការកម្លាំងពលកម្ម។

