សម្តេចធិបតី៖ ខ្លាចបាត់ប្រទេស យើងត្រូវពង្រឹងខ្លួនឯង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅក្រុមអ្នកខ្លាចបាត់បង់ដីខ្មែរមួយចំនួនថា បើខ្លាចគប្បីពង្រឹងខ្លួនឯង ពង្រឹងខេត្តឯង និងប្រទេសខ្លួនឯង ពោលគឺពង្រឹងនូវ ធនធានមនុស្ស សមត្ថភាព គុណធម៌ សាមគ្គីភាព និងសីលធម៌។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំ និងចោទសួរទៅក្រុមមួយចំនួនដែលតែងតែសម្តែងការព្រួយបារម្ភចំពោះការបាត់បង់ប្រទេសជាតិនោះថា តើនឹងបាត់ទៅណា? ខណៈប្រជាជនកម្ពុជាពីមុនមានមិនដល់១០លាននាក់ផង តែមកដល់សព្វថ្ងៃគឺមានរហូតដល់ ១៧លាននាក់នោះ។
ក្នុងឳកាសនោះដែរសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កត្តាសន្ដិសុខនេះគឺសំខាន់ណាស់ ដូច្នេះត្រូវថែរក្សាឱ្យបានល្អ ជាពិសេសតំបន់ទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា ដើម្បីផ្ដល់សុវត្ថិភាពដល់ទេសចរដែលមកលេងកម្សាន្តសប្បាយនៅប្រទេសកម្ពុជា ហើយជាកត្តាសំខាន់ ដែលត្រូវរួមគ្នាថែរក្សា និងធ្វើឱ្យបាន៕

