អភិបាលខេត្តពោធិ៍សាត់ ដាក់បទបញ្ជាម៉ឺងម៉ាត់ ដល់ក្រុមហ៊ុនសាងសង់ផ្លូវ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមបង្ការ ទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិ និងការរុករានកាប់ឆ្ការព្រៃឈើខុសច្បាប់

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាព នៃការដ្ឋានត្រួសត្រាយផ្លូវ ចាប់ពីចំណុចផ្លូវបំបែកទំនប់ទី៣ ចូលទៅទីតាំងគម្រោងសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ មុននឹងឈានទៅដល់ការស្ថាបនា ឱ្យក្លាយជាផ្លូវប៉េតុង ដែលមានប្រវែង១២គីឡូម៉ែត្រ នាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ក្រុមហ៊ុនសាងសង់ផ្លូវ រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមបង្ការ ទប់ស្កាត់ នូវរាល់បទល្មើសធនធានធម្មជាតិ ដូចជាការរុករានកាប់ឆ្ការព្រៃឈើខុសច្បាប់ ការដុតបំផ្លាញព្រៃឈើ ដែលបង្កឱ្យឆេះរាលដាលជាដើម។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីអនុវត្តន៍កិច្ចការនេះឱ្យបាន យើងត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នូវរាល់ការចេញចូល ដោយគ្មានការអនុញ្ញាតិ ក្នុងគោលបំណងតែមួយគត់ គឺកុំឱ្យជនឆ្លៀតឱកាស ចូលទៅកាប់ឆ្ការ រុករាន ទន្ទ្រានយកដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធ និងធ្វើសកម្មភាពផ្សេងៗ នៅក្នុងតំបន់ទំនប់ទី២នេះ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏សង្ឃឹមនឹងជឿជាក់ថា ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ច ពិតជាអនុវត្តកិច្ចការនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឱ្យដឹងថា គ្រោងសាងសង់ទំនប់លេខ២ គឺជាគម្រោងថ្នាក់ជាតិ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ និងបន្តដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណាក់កាលដំបូងនៃគម្រោងនេះ ក្រុមការងារបានចាប់ផ្តើមអនុវត្តការត្រួសត្រាយផ្លូវចូល នៅដើមខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ដោយគិតចាប់ពីចំណុចផ្លូវបំបែកទំនប់លេខ៣ រហូតដល់ទីតាំងគម្រោងទំនប់លេខ២ ត្រង់ចំណុចអូរដារ ស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានប្រវែង១២គីឡូម៉ែត្រ គិតមកដល់ពេលនេះ បានត្រួសត្រាយផ្លូវចូល រួចរាល់១០០%ហើយ។
លោកប្រធានមន្ទីរ បានបន្តថា ចំពោះគម្រោងនេះ នឹងបន្តចាក់បំពេញនូវកម្រិតកម្ពស់ផ្លូវចូល ហើយនឹងត្រូវរៀបចំដាក់ប្រព័ន្ធលូ និងស្ពាន ដើម្បីរំដោះទឹកពីម្ខាងទៅម្ខាង កុំឱ្យជន់លិចដាច់ផ្លូវ មុននឹងឈានទៅដល់ការស្ថាបនា ឱ្យក្លាយជាផ្លូវប៉េតុង រហូតដល់ទីតាំងទំនប់ ដែលមានប្រវែង១២គីឡូម៉ែត្រ។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាង់សង់ទំនប់ស្ទាក់ទឹកលេខ២ យើងកំពុងតែរង់ចាំធ្វើ E.I.A របស់ក្រសួងបរិស្ថាន ហើយដែលយើងនឹងគ្រោងត្រាស់សេតួទំនប់ មានទទឹង២០០ម៉ែត្រ និងបណ្ដោយ១ពាន់ម៉ែត្រ។ ទំនប់ស្ទាក់ទឹកលេខ២នេះ យើងអាចស្តុកទឹកបានប្រមាណជិត៩០០លានម៉ែត្រគូប ដែលគម្រោងនេះ ពិតជាមានអាទិភាពធំធេងណាស់ ក្នុងការគ្រប់គ្រងទឹក ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នៅផ្នែកខាងក្រោម ជាពិសេសប្រព័ន្ធធារាសាស្រ្ត នៅផ្នែកខាងក្រោម ដូចជាប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ប្រព័ន្ធធារាសាស្ត្រក្បាលហុង និងប្រព័ន្ធធារាសាស្ត្រចារឹក ក៏ដូចជាប្រព័ន្ធប្រឡាយតូចធំផ្សេងទៀត ក្នុងខេត្តពោធិ៍សាត់។ បន្ថែមពីនោះ គម្រោងនេះនឹងកាត់បន្ថយខ្ពស់ ដល់ការជន់លិចក្រុងពោធិ៍សាត់ និងអាចក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ប្រណិតនាពេលខាងមុខ ៕

