ត្រីបាឡែនជាង ១៥០ក្បាល ជាប់កកកុញនៅលើឆ្នេរដាច់ស្រយាល មួយក្នុងរដ្ឋតាស្មានី នៃប្រទេសអូស្ត្រាលី
កង់ប៉េរ៉ា៖ ត្រីបាឡែនជាង១៥០ក្បាល ត្រូវបានជាប់កកកុញនៅលើឆ្នេរដាច់ស្រយាលមួយក្នុងរដ្ឋតាស្មានី (Tasmania) នៃប្រទេសអូស្ត្រាលី ខណៈក្រុមជួយសង្គ្រោះកំពុងព្យាយាមដុតដៃដុតជើង ជួយអាយុជីវិតពួកវាដែលនៅសល់។
នាយកដ្ឋានបរិស្ថានរបស់រដ្ឋតាស្មានី បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការត្រួតពិនិត្យដំបូងបង្ហាញថា ត្រីបាឡែនចំនួន១៣៦ក្បាលនៅរស់រានមានជីវិត។ គួរជម្រាបថា ត្រីបាឡែនប្រភេទនេះ អាចលូតលាស់ដល់ប្រវែង៦,១ម៉ែត្រ និងមានទម្ងន់រហូតដល់៣០០០ផោន ឬស្មើ១៣៦១គីឡូក្រាម។ មែនទែនទៅ ត្រីបាឡែនប្រភេទនេះត្រូវបានរកឃើញនៅក្នុងមហាសមុទ្ទត្រូពិច និងមហាសមុទ្ទអនុត្រូពិច ហើយជាទូទៅវារស់នៅក្នុងសមុទ្ទទឹកជ្រៅ។ នេះបើយោងតាមរដ្ឋបាលមហាសមុទ្ទ និងបរិយាកាសជាតិរបស់សហរដ្ឋអាម៉េរិក៕