សម្តេចធិបតី៖ កម្ពុជា ចង់ដោះស្រាយសន្តិវិធី តែកម្ពុជាក៏រក្សាសិទ្ធិការពារខ្លួន គ្រប់មធ្យោបាយ រួមទាំងការប្រើកម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយ ហ៊ានប្រើកម្លាំងមកឈ្លានពាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្ដែកម្ពុជា រក្សាសិទ្ធិក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងប្រើប្រាស់ កម្លាំងប្រដាប់អាវុធ បើសិនប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធ មកឈ្លានពានកម្ពុជា។
ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាចង់បានសុខសន្តិភាព តែកម្ពុជា ក៏អាចប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ ព្រមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធផងដែរ។
សម្ដេចបវរធិបតី បានបន្ថែមទៀតថា រឿងព្រំដែន អ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះ រាជរដ្ឋាភិបាល គឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះមុខប្រជាពលរដ្ឋ ហើយការងារនេះ ផ្អែកទៅលើការ ដោះស្រាយស្របទៅតាមច្បាប់ និងមូលដ្ឋានបច្ចេកទេសច្បាស់លាស់ ៕