ឥណ្ឌា គ្រោងស្វែងរកការដេញថ្លៃយន្តហោះចម្បាំងពហុតួនាទីចំនួន១១៤គ្រឿង ដើម្បីជំរុញឃ្លាំងស្តុកយន្តហោះប្រយុទ្ធរបស់ខ្លួនឡើងវិញ

ញូវដេលី៖ ឥណ្ឌានឹងស្វែងរកការដេញថ្លៃយន្តហោះចម្បាំងពហុតួនាទីចំនួន១១៤គ្រឿង ជាការកត់សម្គាល់ដ៏សំខាន់មួយដើម្បីជំរុញឃ្លាំងស្តុកយន្តហោះប្រយុទ្ធរបស់ខ្លួនឡើងវិញ ក្រោយមិនបានយកចិត្តទុកដាក់អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។
គម្រោងនេះមានសារសំខាន់សម្រាប់សម្រួចសមត្ថភាពកងទ័ពអាកាសឥណ្ឌា ខណៈគូប្រជែងចិនកំពុងពង្រីកសាច់ដុំកម្លាំងទ័ពអាកាសរបស់ខ្លួនយ៉ាងឆាប់រហ័សលឿនដូចផ្លេកបន្ទោរ។
ជាមួយគ្នានេះ ដៃគូប្រកួតប្រជែងដែលមានសក្តានុពលសម្រាប់កិច្ចសន្យាកំពូលយន្តហោះចម្បាំងពហុតួនាទីរួមមាន៖ ក្រុមហ៊ុនការពារជាតិអាម៉េរិក Lockheed Martin និង Boeing, ក្រុមហ៊ុន United Aircraft Corporation របស់រុស្ស៊ី, ក្រុមហ៊ុន Dassault Aviation របស់បារាំង, ក្រុមហ៊ុន Saab STA របស់ស៊ុយអែត, និងក្រុមហ៊ុន Eurofighter របស់អាល្លឺម៉ង់។
ក្រុមហ៊ុន Lockheed Martin កំពុងព្យាយាមលក់យន្តហោះ F-21 ទៅកាន់រដ្ឋធានីញូវដេលី ខណៈប្រភេទយន្តហោះចម្បាំង F-16 ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រទេសឥណ្ឌា។ ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ទីបំផុតសហរដ្ឋអាម៉េរិកនឹងលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ជំនាន់ទី៥ ទៅឱ្យរដ្ឋធានីញូវដេលី បើទោះបីជារដ្ឋមន្ត្រីការបរទេសឥណ្ឌាមិនទាន់មានដំណើរការផ្លូវការណាមួយបានចាប់ផ្តើមនៅឡើយក៏ដោយ។
ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន លោក Lockheed Martin បានលើកឡើងថា យើងត្រូវបានលើកទឹកចិត្តដោយការប្រកាសនាពេលថ្មីៗនេះដោយលោក ត្រាំ ដើម្បីផ្តល់ F-35 ដល់ប្រទេសឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ ទាំងនេះគឺជាការសម្រេចចិត្តរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ យើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលទាំងពីរលើលទ្ធកម្មយុទ្ធសាស្ត្រនាពេលខាងមុខ។
គួរបញ្ជាក់ថា រុស្ស៊ីជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយ ខណៈឥណ្ឌាជាប្រទេសនាំចូលសព្វាវុធធំបំផុតរបស់ពិភពលោក។ ស្របពេលរដ្ឋធានីញូវដេលីបាននិងកំពុងធ្វើពិពិធកម្មការនាំចូល ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានរារាំងសមត្ថភាពរបស់រដ្ឋធានីម៉ូស្គូក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់យោទ្ធោបករណ៍ដល់ប្រទេសឥណ្ឌា។ ប្រការនេះហើយទើបបង្ខំឱ្យរដ្ឋធានីញូវដេលីស្វែងរកលទ្ធកម្មយោធាថ្មីជាមួយសហរដ្ឋអាម៉េរិក អាល្លឺម៉៉ង់ ស៊ុយអែត បារាំង និងបណ្តាប្រទេសមួយចំនួនទៀត។

