វៀតណាម ត្រៀមខ្លួនពិភាក្សាជាមួយអាមេរិក អំពីពន្ធគយថ្មីលើដែកថែប ដែលដាក់ដោយរដ្ឋធានីវ៉ាស៊ីនតោន

ហាណូយ៖ វៀតណាមបានត្រៀមខ្លួនពិភាក្សាជាមួយសហរដ្ឋអាម៉េរិក អំពីពន្ធគយថ្មីលើដែកថែប ដែលដាក់ដោយរដ្ឋធានីវ៉ាស៊ីនតោន និងដើម្បីជៀសវាងហានិភ័យនៃវិបត្តិពាណណិជ្ជកម្មសកល។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមអះអាង កាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈ។ រដ្ឋធានីហាណូយ កំពុងព្យាយាមរលាស់ខ្លួន និងបត់បែនគ្រប់កាលៈទេសៈសមនឹងរហស្សនាម «ការទូតដើមឫស្ស៊ី»។
វៀតណាម ជាមជ្ឈមណ្ឌលឧស្សាហកម្មនៅអាស៊ីអាគ្នេយ៍មួយ ត្រូវបានរងសម្ពាធពាណិជ្ជកម្មកាលពីដើមសប្តាហ៍នេះ ដោយពន្ធថ្មីរបស់រដ្ឋធានីវ៉ាស៊ីនតោន២៥ភាគរយ លើការនាំចូលដែកថែបពីគ្រប់ប្រទេស ស្របពេលរដ្ឋធានីហាណូយជាអ្នកនាំចេញដ៏សំខាន់មួយទៅកាន់សហរដ្ឋអាម៉េរិក។ ការគំរាមពន្ធដោយ លោក ដូណាល់ ត្រាំ ក៏អាចបង្កផលផលប៉ះពាល់ទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាង បានប្រាប់សន្និសីទសារព័ត៌មានអំពីហានិភ័យនៃពន្ធថ្មីសម្រាប់វៀតណាមថា៖«វៀតណាមត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាជាមួយសហរដ្ឋអាម៉េរិកក្នុងលក្ខណៈស្ថាបនា និងសហប្រតិបត្តិការ ដើម្បីបន្តធ្វើបច្ចុប្បន្នភាពគ្នាទៅវិញទៅមកជាមួយព័ត៌មានពាក់ព័ន្ធ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាស្នូល»។ អ្នកនាំពាក្យរូបនេះបន្ថែមថា វៀតណាម ក៏អាចរកស្វែងរកដំណោះស្រាយ ដើម្បីជាផលប្រយោជន៍រួមរបស់ភាគីទាំងពីរ អំពីពន្ធថ្មីលើដែកថែបផងដែរ។
លោកស្រី ផាម ធូហាង អះអាងថា វៀតណាមនៅតែប្តេជ្ញាប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវក្របខណ្ឌច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តពាណិជ្ជកម្មទ្វេភាគី និងពហុភាគី។ ជាក់ស្តែង លោកស្រីបានកត់សម្គាល់ថា៖«ក្នុងនាមជាប្រទេសសេដ្ឋកិច្ចបើកចំហខ្ពស់ ដែលកំពុងធ្វើសមាហរណកម្មទៅក្នុងចរន្តសេដ្ឋកិច្ចពិភពលោក វៀតណាមតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍអន្តរជាតិ ដែលបានដាក់ចេញនូវវិធានការសមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។ វៀតណាមក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ នៃពាណិជ្ជកម្មអន្តរជាតិ»។
សូមជម្រាបថា ក្រោយការសម្រេចចិត្តរបស់បុរសសេដ្ឋកិច្ច ត្រាំ លើការយកពន្ធ២៥ភាគរយនៃផលិតផលអាលុយមីញ៉ូម និងដែកថែប នាំចូលពីគ្រប់ប្រទេសទាំងអស់ ចាប់ពីថ្ងៃទី៤ ខែមីនា រដ្ឋធានីហាណូយបានឆ្លេឆ្លាយកចិត្ត ស្វែងរកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពជាមួយរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីរក្សានូវសន្ទុះរឹងមាំនៃទំនាក់ទំនងទ្វេភាគី ខណៈប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

