ឥណ្ឌារំពឹងលក់មីស៊ីលរយៈចម្ងាយខ្លីទៅឱ្យហ្វីលីពីននៅឆ្នាំនេះ ក្រោមកិច្ចព្រមព្រៀងមានតម្លៃជាង២០០លានដុល្លារអាម៉េរិក

ញូវដេលី៖ ឥណ្ឌារំពឹងលក់មីស៊ីលរយៈចម្ងាយខ្លីទៅឱ្យហ្វីលីពីននៅឆ្នាំនេះ ក្រោមកិច្ចព្រមព្រៀងមានតម្លៃជាង២០០លានដុល្លារអាម៉េរិក ខណៈកិច្ចសន្យានាំចេញយោទ្ធោបករណ៍ការពារជាតិដ៏សំខាន់នេះ នឹងមានទំហំធំបំផុតទីពីររវាងរដ្ឋធានីញូវដេលី និងរដ្ឋធានីម៉ានីល ចំពេលភាពតានតឹងកើនឡើងខ្លាំងជាមួយនាគរាជអាស៊ី[ចិន]។
ប្រភពចំនួនបីបង្ហាញថា ប្រព័ន្ធមីស៊ីល Akash ត្រូវបានបង្កើតឡើងដោយស្ថាប័នស្រាវជ្រាវការពារជាតិឥណ្ឌាបានថ្ពក់ចិត្តហ្វីលីពីន រហូតដល់រដ្ឋធានីម៉ានីលហ៊ានបន្លឺសំឡេងថា ខ្លួននឹងចាប់ផ្តើមបញ្ជាទិញយោទ្ធោបករណ៍ការពារជាតិពីរដ្ឋធានីញូវដេលី នៅក្នុងខែមេសាខាងមុខ។
គេនៅចាំបានថា ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសអាចបាញ់បានចម្ងាយរហូតដល់២៥គីឡូម៉ែត្ររបស់ឥណ្ឌា ត្រូវបាននាំចេញទៅប្រទេសអាមេនី កាលពីឆ្នាំមុនក្នុងកិច្ចព្រមព្រៀងតម្លៃ២៣០លានដុល្លារ។ ប៉ុន្តែហ្វីលីពីនត្រូវបានគេរំពឹងថា នឹងមានទំហំកិច្ចព្រមព្រៀងធំជាងប្រទេសអាមេនី។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានបង្ហាញអំពីចំនួនមីស៊ីល និងយោទ្ធោបករណ៍ផ្សេងទៀតដែលពាក់ព័ន្ធនោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិហ្វីលីពីន លោក អាសេនីអូ អាន់ដូឡុង (Arsenio Andolong) មិនបានធ្វើអត្ថាធិប្បាយលើភាពជាក់លាក់នៃកិច្ចព្រមព្រៀងណាមួយ ឬលើផែនការសម្រាប់លទ្ធកម្មយោធានោះទេ ប៉ុន្តែលោកបានរំលេចថា កងកម្លាំងប្រដាប់អាវុធរហ្វីលិពីន ត្រូវការសមត្ថភាពយោធាទាំងនេះ។
គួរជម្រាបថា កិច្ចព្រមព្រៀង ដែល រំពឹង ទុកនេះ នឹង ធ្វើ ឡើង បន្ទាប់ ពី ការ លក់មីស៊ីលល្បឿន លឿន BrahMos រយៈ ចម្ងាយ មធ្យម របស់ ឥណ្ឌា ក្នុង តម្លៃ៣៧៥លាន ដុល្លារ ទៅ ហ្វីលីពីន កាលពី ឆ្នាំ២០២២។
មែនទែនទៅ ការទិញកើតឡើងចំពេលរដ្ឋធានីម៉ានីលកំពុងពង្រីកសាច់ដុំយោធារបស់ខ្លួន ស្របពេលភាពតានតឹងកើនឡើងកាន់តែខ្លាំងជាមួយរដ្ឋធានីប៉េកាំង លើការទាមទារត្រួតស៊ីគ្នានៅក្នុងច្រករបៀងផ្លូវទឹកដ៏មមាញឹកនៃលម្ហសមុទ្ទចិនខាងត្បូង ជាកន្លែងប្រទេសអាស៊ីទាំងពីររមែងប៉ះទង្គិចគ្នាជារឿយៗក្នុងប៉ុន្មានឆ្នាំថ្មីៗ។
គួរបញ្ជាក់ថា ឥណ្ឌា គឺជាប្រទេសនាំចូលសព្វាវុធដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែយ៉ាងណា ប្រទេសនេះកំពុងបង្កើនផលិតកម្មយោធាក្នុងស្រុក និងជំរុញការនាំចេញផ្នែកការពារជាតិ ដើម្បីទប់ទល់នឹងកម្លាំងយោធា និងឥទ្ធិពលរបស់ចិន ខណៈបងធំអាស៊ីទាំងពីរតែងប៉ះទង្គិចគ្នានៅតាមព្រំដែនហិមាល័យ៕

