ឯកឧត្តម ប្រាក់ សំអឿន ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ឯកឧត្តម ប្រាក់ សំអឿន បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។ ជាមួយគ្នានោះ ឯកឧត្តម ប្រាក់ សំអឿន ក៏បានប្រកាសប្រឆាំងដាច់ខាត រាល់អំពើទាំងឡាយណា ដែលនាំឲ្យជាតិបែកបាក់ និងនាំជាតិខ្មែរធ្លាក់ក្នុងភ្លើងសង្គ្រាម ជាពិសេសគឺប្រឆាំងរាល់អំពើភេរវកម្ម មកលើមេដឹកនាំកម្ពុជា។
សូមមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន សរសេរសារលើបណ្ដាញសង្គមហ្វេសថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ» ៕
