កងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ចំនួន៧៣នាក់ ចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង

ភ្នំពេញ៖ នារាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តភាព ជាអធិបតី ពិធីសំណេះសំណាល កងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ ចំនួន៧៣នាក់ ក្នុងនោះនារីចំនួន៣៦នាក់ ត្រូវចេញទៅ បំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
ក្នុងពិធី សំណេះ សំណាលនេះ ឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដល់កងកម្លាំងទាំងអស់។
ឯកឧត្តម អគ្គនាយកស្តីទី បានថ្លែងថា កងកម្លាំងរាជអាវុធហត្ថមួកខៀវខាងលើនេះ ចេញទៅចូលរួមបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង នៅថ្ងៃនេះ ដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។ កម្លាំងទាំងអស់នេះ មុនចេញទៅបេសកកម្ម គឺបានធ្វើការហ្វឹកហ្វឺន បណ្តុះបណ្តាលលើកជំនាញជាច្រើន ដូចជា សិក្សាអំពីសិទ្ធិមនុស្ស សិក្សាពីប្រវត្តិរបស់ប្រទេស៊ូដង់ខាងត្បូង ការការពារជនស៊ីវិល ការការពារកុមារ ការកេងប្រវ័ញ្ញនិងការរំលោភបំពានផ្លូវភេទ ក្រមសីលធម៌របស់កងទ័ពមួកខៀវ ច្បាប់ សង្គ្រាម និងបទដ្ឋានប្រតិបត្តិការរបស់កងរាជអាវុធហត្ថ និងការទទួលខុសត្រូវរបស់មន្ត្រីអាវុធហត្ថអង្គការសហប្រជាជាតិ។
ចំពោះការងាររបស់កងកម្លាំងអាវុធហត្ថមួកខៀវកម្ពុជា ដែលត្រូវបំពេញ គឺត្រួតពិនិត្យសំណ្តាប់ធ្នាប់ ត្រួតពិនិត្យល្បឿនរថយន្ត ត្រួតពិនិត្យឯកសាររថយន្ត ត្រួតពិនិត្យជាតិអាល់កុល ការងារនៅ ព្រលានយន្តហោះ ល្បាតជាប្រចាំនៅខាងក្នុងនិងខាងក្រៅបន្ទាយ នីតិវិធីនៃការឆែកឆេរសម្ភារៈកងប្តូរវេននៃបណ្តាកងទ័ពមួកខៀវប្រទេសផ្សេងៗជាដើម។
ជាមួយគ្នាឯកឧត្តម សែម រតនា ក៏បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញទៅបំពេញការងារបេសកកម្មនាខែកុម្ភៈខាងមុខនេះ ត្រូវតែអនុវត្តឱ្យបាននូវអ្វី ដែលរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិបានដាក់ចេញ និងត្រូវគោរពឱ្យបាននូវច្បាប់របស់អង្គការសហប្រជាជាតិ៕

