ឯកឧត្តម មាន ចាន់យ៉ាដា៖ ៤០ថ្ងៃទៀត ដីធ្លីនៅខេត្តឧត្តរមានជ័យទាំងអស់នឹងត្រូវបានបញ្ចប់ការវាស់វែងលក្ខណៈជាប្រព័ន្ធចប់សព្វគ្រប់

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថា ក្នុងរយៈពេល៤០ថ្ងៃទៀត ដីធ្លីនៅខេត្តឧត្តរមានជ័យទាំងអស់នឹងត្រូវបានបញ្ចប់ការវាស់វែងលក្ខណៈជាប្រព័ន្ធចប់សព្វគ្រប់។
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានចុះជួបដោយផ្ទាល់ ជាមួយបងប្អូនមន្ត្រីចុះវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែង និងសូមកោតសរសើរចំពោះទំនួលខុសត្រូវខ្ពស់របស់បងប្អូន។
ឯកឧត្តម មាន ចាន់យ៉ាដា បញ្ជាក់ថា “ក្នុងរយៈពេល៤០ថ្ងៃទៀត ដីធ្លីនៅខេត្តឧត្តរមានជ័យទាំងអស់នឹងត្រូវបានបញ្ចប់ការវាស់វែងលក្ខណៈជាប្រព័ន្ធចប់សព្វគ្រប់។ ខ្ញុំពិតជារីករាយដែលបងប្អូនមន្ត្រីសុរិយោដីបានប្តេជ្ញាចិត្តជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យក្នុងការបញ្ចប់ការវាស់វែងដីជូនប្រជាពលរដ្ឋឱ្យចប់ក្នុងរយៈពេល ៤០ថ្ងៃទៀត”៕

