អាជ្ញាធរខេត្តជលបុរី កំពុងរៀបចំការមកដល់នៃកងទ័ពជើងទឹកអាមេរិក ដែលនឹងស្នាក់នៅទីក្រុងប៉ាតាយ៉ា ដើម្បីធ្វើការហ្វឹកហ្វឺន

បាងកក៖ អាជ្ញាធរខេត្តជលបុរី (ឈុនបុរី) កំពុងរៀបចំសម្រាប់ការមកដល់នៃកងទ័ពជើងទឹកអាមេរិកចំនួន ៥,៤០០នាក់ ដែលនឹងស្នាក់នៅទីក្រុងប៉ាតាយ៉ា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ដើម្បីធ្វើការហ្វឹកហ្វឺន។ នេះបើតាមសារព័ត៌មានថៃ The Nation។
នាវាកងទ័ពជើងទឹកអាម៉េរិកចំនួន ៤គ្រឿង នឹងចូលចតនៅប៉ាតាយ៉ានៅសប្តាហ៍ក្រោយ។ ឧត្តមសេនីយ៍ឯក យីងយ៉ូស ទេពចំណង់ ស្នងការនគរបាលភូមិភាគ២ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែមករា បានជួបជាមួយលោក លូ ផាំ ជំនួយការកងកម្លាំងការពារនៃស្ថានទូតអាម៉េរិកប្រចាំប្រទេសថៃ ដើម្បីពិភាក្សាអំពីផែនការគ្រប់គ្រងសុវត្ថិភាព និងចរាចរណ៍នៅក្នុងទីក្រុងរមណីយដ្ឋានដ៏ពេញនិយមក្នុងខេត្តភាគខាងកើតនៃប្រទេសថៃមួយនេះ។
លោក យីងយ៉ូស បានលើកឡើងថា ប៉ូលិសថៃបានធានាដល់អ្នកតំណាងសហរដ្ឋអាម៉េរិកអំពីវិធានការសុវត្ថិភាព និងផែនការគ្រប់គ្រងចរាចរណ៍ ដើម្បីធានាបាននូវការស្នាក់នៅដោយរលូននៅទីក្រុងប៉ាតាយ៉ា សម្រាប់បុគ្គលិកយោធាអាម៉េរិក។
លោកបានបន្តថា ប៉ូលិសក៏បានសម្របសម្រួលជាមួយមូលដ្ឋានទ័ពជើងទឹក Sattahip ដើម្បីធានាសន្តិសុខយ៉ាងតឹងរ៉ឹងសម្រាប់នាវាអាម៉េរិកផងដែរ។ ប៉ូលិសក៏នឹងបង្កើនចំនួនមន្រ្តីយាមល្បាត អង្គភាពឆ្លើយតបរហ័ស និងក្រុមប្រតិបត្តិការពិសេស ដើម្បីបង្កើនសន្តិសុខសាធារណៈក្នុងអំឡុងពេលសប្តាហ៍ក្រោយនេះ។

