កូរ៉េខាងជើង ត្រៀមបញ្ជូនកងទ័ពទៅកាន់រុស្ស៉ី ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរបស់អ៊ុយក្រែន

សេអ៊ូល៖ នៅថ្ងៃសុក្រ ទី២៤ ខែមករា យោធាកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនមានការសង្ស័យថា កូរ៉េខាងជើង កំពុងតែត្រៀមរៀបចំបញ្ជូន កងទ័ពបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរបស់អ៊ុយក្រែន បើទោះបីជាបានទទួលរងការបាត់បង់ទ័ព ហើយមើលឃើញទាហានខ្លួនមួយចំនួន ត្រូវបានចាប់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ស្របពេលរយៈពេល ៤ខែ បានកន្លងផុតទៅ សម្រាប់ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ហើយមានការបាត់បង់ជីវិតក៏ដូចជារងរបួសទាហានជាច្រើន ព្រមទាំងខ្លះត្រូវបានចាប់ខ្លួនថែមទៀតនោះ កូរ៉េខាងជើងត្រូវបានសង្ស័យថា កំពុងតែពន្លឿនចំណាត់ការបន្ទាប់ រួមជាមួយ ការត្រៀមរៀបចំ ដើម្បីបញ្ជូនកងកម្លាំងបន្ថែមទៀត។
បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើង ក៏ហាក់កំពុងត្រៀម បាញ់បង្ហោះផ្កាយរណបចារកម្ម និងមីស៉ីលបាលិស្ទីគរយៈអន្តរទ្វីប ICBM ផងដែរ ប៉ុន្តែពុំមានសញ្ញាថា វានឹងកើតឡើងភ្លាមៗឡើយ។
ក្នុងខែមករានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឌីមៀ ហ្សេលេនស្គី បានឲ្យដឹងថា កងទ័ពកូរ៉េខាងជើង២នាក់ ត្រូវចាប់ខ្លួនបាននៅលើសមរភូមិ ក្នុងតំបន់ Kursk របស់រុស្ស៉ី។
យោងតាមការវាយតម្លៃរបស់អ៊ុយក្រែន និងក្រុមលោកខាងលិច ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពប្រហែល ១១,០០០នាក់ ដើម្បីជួយគាំទ្រកងកម្លាំងរបស់រុស្ស៉ី នៅតំបន់ Kursk។
ទីក្រុងកៀវ បានអះអាងថា ទាហានកូរ៉េខាងជើងច្រើនជាង ៣,០០០នាក់ ត្រូវបានសម្លាប់ ឬក៏រងរបួស។ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង សុទ្ធតែមិនបានបដិសេធឬទទួលស្គាល់ វត្តមានរបស់កងទ័ពកូរ៉េខាងជើង ក្នុងសង្រ្គាមអ៊ុយក្រែន ឡើយ។
