ប្រមុខកងទ័ពអ៉ីស្រាអែល លោក Herzi Halevi លាលែងពីតំណែង

ហ៊្សេរុយសាឡិម៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ប្រមុខកងទ័ពនៃប្រទេសអ៉ីស្រាអែល លោក Herzi Halevi បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ទី២១ ខែមករា ដើម្បីទទួលខុសត្រូវចំពោះភាពបរាជ័យ អំឡុងពេលដែលក្រុមហាម៉ាសប៉ាឡេស្ទីន បានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានអរគុណលោក Halevi សម្រាប់កិច្ចខិតខំបម្រើការងារអស់ រយៈពេលជាច្រើនឆ្នាំ ព្រមទាំងការដឹកនាំរបស់លោក អំឡុងសង្រ្គាមហ្កាហ្សា។
ចំណែក មេដឹកនាំក្រុមប្រឆាំងនៅអ៉ីស្រាអែល លោក Yair Lapid បានកោតសរសើរចំពោះលោក Halevi ដែលសម្រេចចិត្តចាកចេញពីតំណែងបែបនេះ ហើយបានអំពាវនាវឱ្យលោក Netanyahu ធ្វើដូចគ្នា។ រីឯមេបញ្ជាការដ្ឋានយោធាភូមិភាគខាងត្បូងរបស់អ៉ីស្រាអែល ដែលទទួលបន្ទុកតំបន់ហ្កាហ្សា ក៏បាន លាលែងពីតំណែង ផងដែរ។
គួរបញ្ជាក់ថា ការលាលែងខាងលើកើតមានឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានចូលជាធរមាន។ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់ បាននាំគ្នាសម្រុកចូលវាយប្រហារ តំបន់ភាគខាងត្បូង របស់អ៉ីស្រាអែល ចេញពីតំបន់ហ្កាហ្សា។
បើតាមតួលេខពីអ៉ីស្រាអែល ការវាយប្រហារនោះ បានសម្លាប់មនុស្សជាង១២០០នាក់ ហើយជាង២៥០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំងយកទៅហ្កាហ្សា។ ដោយឡែក សង្រ្គាមសងសឹករបស់អ៉ីស្រាអែល បើតាមអាជ្ញាធរសុខាភិបាលនៅហ្កាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស គឺបានផ្តាច់ជីវិតមនុស្សជាង ៤៧ ១០០នាក់ ភាគច្រើនជា ជនស៉ីវិល៕
