ឯកឧត្ដមរដ្ឋមន្ត្រី ជា សុមេធី ណែនាំកិច្ចការមួយចំនួន ដល់មន្ទីរសង្គមកិច្ចខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម មូលនិធិជនពិការខេត្តក្រចេះ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការផ្ដាំផ្ញើ និងណែនាំលើកិច្ចការមួយចំនួន ។
ការផ្តាំផ្ញើ និងការណែនាំពីកិច្ចការមួយចំនួន របស់ឯកឧត្ដមរដ្ឋមន្ត្រី ជា សុមេធី មានដូចខាងក្រោម៖
១. ចំពោះប្រធានអនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គម ដែលទើបត្រូវបាន តែងតាំងថ្មី សូមរួមសហការគ្នាដឹកនាំសាខាមូលនិធិជាតិជំនួយសង្គមឱ្យបានល្អ ដោយឈរលើស្មារតី ឯកភាព គ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ។ ជាប្រធានសាខា ឬថ្នាក់ដឹកនាំអង្គភាព ត្រូវដឹងសុខទុក្ខការលំបាករបស់មន្ត្រីក្រោមឱវាទ និងចេះសម្របសម្រួលដោះស្រាយ ការលំបាកទាំងក្នុងកន្លែងធ្វើការ ក៏ដូចការលំបាកផ្ទាល់ខ្លួនរបស់មន្ត្រី ត្រូវចេះប្រមូលកម្លាំងដឹកនាំតាមរយៈការ ផ្តល់តម្លៃដល់មន្ត្រីគ្រប់រូប និងចេះប្រើចំណុចខ្លាំងរបស់មន្ត្រីដើម្បីឱ្យពួកគេអាចចូលរួមជួយអង្គភាពបាន។
២. ចំពោះមន្ទីរ ស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជនពិការ និងអង្គភាពក្រោមឱវាទ ត្រូវសហការគ្នា បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងាររបស់ខ្លួនបន្ថែមទៀត។ ទោះបីថាមន្ទីរ ស.អ.យ មិនទទួលបន្ទុកផ្ទាល់លើការងារសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការក៏ដោយ ក៏លោក ប្រធានមន្ទីរ ត្រូវក្តាប់ឱ្យជាប់ពីកិច្ចការទាំងនេះ ដើម្បីធ្វើជាសេនាធិការសម្រាប់ក្រសួង ក្នុងការតាមដានការអនុវត្ត កិច្ចការនេះ ដោយឈរលើមូលដ្ឋានផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ ត្រូវយក ចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់រៀបចំការងារគ្រប់គ្រងបុគ្គលិក ពេលម៉ោងបំពេញការងារ របៀបរបបធ្វើការងារ ក៏ដូចជាការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អង្គភាព និងពង្រឹងកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
៣. មន្ទីរ និងអង្គភាពនានាចំណុះក្រសួង ស.អ.យ ត្រូវជំរុញការកំណត់អត្តសញ្ញាណកម្មជនមានពិការភាព និងការចុះឈ្មោះជនមានពិការភាព និងក្រុមគោលដៅពាក់ព័ន្ធ ចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារឱ្យ បានឆាប់រហ័ស
៤. មន្ទីរ និងអង្គភាពនានាចំណុះក្រសួង ស.អ.យ ជំរុញកិច្ចសហការល្អជាមួយក្រុមហ៊ុន គ្រឹះស្ថានឯកជន ដែលមានកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារស្របតាមច្បាប់កំណត់ជាធរមាន ក៏ដូចជាត្រូវខិតខំផ្សព្វផ្សាយ និងជំរុញឱ្យជនមានពិការភាពនៅមូលដ្ឋាន ទៅទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បី ទទួលបានឱកាសការងារកាន់តែប្រសើរ
៥. ក្រោមកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាជួយជនរងគ្រោះ និងងាយរងគ្រោះដោយអំពើ ជួញដូរមនុស្ស តាមរយៈជំរុញការផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការជឿ តាមការបោកបញ្ឆោត និងការអូសទាញរបស់មេខ្យល់
៦. មន្ទីរ ស.អ.យ ដោយមានការសហការល្អជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ ដល់ការលើកកម្ពស់សេវាគាំពារមនុស្សវ័យចាស់ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងការរៀបចំឱ្យមាន ដំណើរការល្អសម្រាប់សមាគមមនុស្សចាស់តាមគំរូសមាគមមនុស្សចាស់អន្តរជំនាន់ថ្មី។ គួរពង្រឹងអនុគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់របស់ខេត្ត ដែលមានអភិបាលខេត្តជាប្រធានកិត្តិយស។
៧.សូមសំណូមពរដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមរួមគ្នាដោះស្រាយបញ្ហាជនអនាថា បញ្ហាស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងក្រុមជនរងគ្រោះនិងងាយរងគ្រោះផ្សេងៗទៀត ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បី សង្គមកម្ពុជាទាំងមូល ៕

