ចិន៖ យោធាមីយ៉ាន់ម៉ា និងទ័ព MNDAA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការ សម្រាប់បទឈប់បាញ់ ដោយបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ជិតព្រំដែនចិន-មីយ៉ាន់ម៉ា

ប៉េកាំង៖ ក្រសួងការបរទេសចិន បានប្រកាសថា យោធាមីយ៉ាន់ម៉ា និងកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា ហៅកាត់ថា MNDAA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយសម្រាប់បទឈប់បាញ់ ដោយបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ជិតព្រំដែនចិន-មីយ៉ាន់ម៉ា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភាគីទាំងពីរបានជួបពិភាក្សាគ្នានៅទីក្រុងគុនមី ភាគនិរតីរបស់ប្រទេសចិន ដោយភាគីទាំង២ បានថ្លែងអំណរគុណដល់រដ្ឋធានីប៉េកាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព។ លោកស្រីបាននិយាយថា៖«ការធ្វើឱ្យស្ថានការណ៍នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា មានភាពស្ងប់ស្ងាត់ គឺជាផលប្រយោជន៍រួមរបស់ភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសទាំងអស់នៅក្នុងតំបន់ ហើយរួមចំណែកដល់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ព្រំដែនរវាងចិន និងមីយ៉ាន់ម៉ា»។ លោកស្រីបន្តថា ប្រទេសចិននឹងបន្តជំរុញយ៉ាងសកម្មនូវសន្តិភាព និងការសន្ទនា ព្រមទាំងផ្តល់ការគាំទ្រ និងជំនួយដល់ដំណើរការសន្តិភាពនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
ក្រុម MNDAA គឺជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយក្នុងចំណោមក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន ដែលកំពុងប្រយុទ្ធដើម្បីដណ្តើមទឹកដីពីរបបសឹកយកមកគ្រប់គ្រងដោយឯករាជ្យភាព។ ក្រុមនេះជាផ្នែកមួយនៃសម្ព័ន្ធបីក្រុម ជាមួយនឹងកងទ័ពរំដោះជាតិតាអុង និងកងទ័ពអារ៉ាកាន ដែលបានបើកការវាយលុកដ៏ខ្លាំក្លាប្រឆាំងនឹងរបបយោធានៅចុងខែតុលា ឆ្នាំ២០២៣ ដណ្តើមយកទឹកដីជាច្រើននៅជិតព្រំដែនជាមួយប្រទេសចិន។ MNDAA បង្កើតឡើងដោយជនជាតិភាគតិច បានប្រកាសកាលពីខែកក្កដា ពីការគ្រប់គ្រងមូលដ្ឋានយោធាសំខាន់មួយនៅជិតព្រំដែនចិន។
គួរបញ្ជាក់ថា យោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិ។ បងធំប្រចាំតំបន់អាស៊ី[ចិន] បារម្ភថា ភាពវឹកវរនៅតាមបណ្តោយព្រំដែនប្រវែងជាង២ពាន់គីឡូម៉ែត្ររបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងពាណិជ្ជកម្ម៕

