ឯកឧត្តម គួច ចំរើន៖ ការចែកប័ណ្ណកម្មសិទ្ធ ជូនពលរដ្ឋ ជាការឆ្លុះបញ្ចាំងឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងថា៖ មួយថ្ងៃ ក្រោយថ្ងៃខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ប្រជាពលរដ្ឋភូមិល្វាសរក្រោម ភូមិល្វាសរកណ្តាល និងភូ មិល្វាសរលើ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធន។
ការថ្លែងបែបនេះនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០១០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិល្វាសរលើក ភូមិល្វាសរកណ្ដាល និងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្ដម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបយីកម្ម និងសំណង់។
ឯកឧត្ដមអភិបាលខេត្តកណ្តាល បន្តថា៖ ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ ជាមួយគ្នាដែរឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ចំនួន០៣ភូមិ ក្នុងឃុំល្វាសរ ស្រុកល្វាឯម ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់បន្ថែមថា៖ ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនរបស់កម្មសិទ្ធិករ។ ក្នុងន័យនេះ ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥២% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៤៩,២៨០ ក្បាលដី។ ក្នុងនោះបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៩០,០១០ ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២៩ លើកស្មើនឹង ៣១២,៤៦០ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣០ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិល្វាសរលើ ចំនួន ៤៩២ប័ណ្ណ ភូមិល្វាសរកណ្ដាល ចំនួន ៤៩៦ប័ណ្ណ និងភូមិល្វាសរក្រោម ចំនួន ៨២៤ប័ណ្ណ ឃុំល្វាសរ ស្រុកល្វាឯម សរុបចំនួន ២,០១០ប័ណ្ណ >

