ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានបង្ហាញនូវការយល់ឃើញ និងចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបានឡើយ ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងស្នាដៃដែលអង្គភាពអាវុធហត្ថសម្រេចបាននាពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ដថា កន្លងទៅកងរាជអាវុធហត្ថបានចូលរួមយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី រក្សាសន្ដិភាព ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ឥស្សរជនកំពូល ការពារព្រឹត្តិការណ៍ជាតិ អន្ដរជាតិ និងសហការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសធនធានធម្មជាតិ។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្រៅពីការងារទាំងអស់នេះ អង្គភាពកងរាជអាវុធហត្ថ ក៏បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ សាងសង់មន្ទីរពេទ្យ សាលារៀន វត្តអារាម និងសមិទ្ធផលនៅតំបន់ប្រវត្តិសាស្ដ្រកោះថ្មជាដើម។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានគាំទ្រដល់ទិសដៅដែលបានកំណត់ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អង្គភាពកងរាជអាវុធហត្ថ ត្រូវរួមចំណែកបន្ដរក្សាឲ្យបានជាដាច់ខាតនូវសន្ដិភាព ស្ថេរភាពនយោបាយ ប្រឆាំងរាល់គ្រប់ឧបាយកលជ្រុលនិយម និងសហតស៊ូបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញដល់អង្គភាពកងរាជអាវុធហត្ថ ត្រូវបង្កើនសមត្ថភាពហ្វឹកហ្វឺន បំពាក់ឲ្យបានគ្រប់គ្រាន់នូវសម្ភារៈ បច្ចេកទេសបម្រើឲ្យប្រតិបត្តិការ ហើយជាពិសេសអាវុធហត្ថ ត្រូវយកភាពស្អាតស្អំជាគំរូក្នុងការអនុវត្តនូវបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏ណែនាំឲ្យមានការលើកសរសើរ ជូនរង្វាន់ ចំពោះមន្ដ្រីអាវុធហត្ថណាដែលមានស្នាដៃ ប៉ុន្ដែមានការអនុវត្តខុសត្រូវតែអប់រំ ដាក់ពិន័យ និងក្នុងករណីធ្ងន់ធ្ងរត្រូវតែអនុវត្តច្បាប់ ៕

