ជនសង្ស័យ ២នាក់ ព្រមទាំងថ្នាំញៀនជិត ៣គីឡូក្រាម ត្រូវកម្លាំងកងអាវុធហត្ថបង្ក្រាបបាន ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់បុរសម្នាក់ នៅក្រុងអរិយក្សត្រ

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ព្រមទាំងថ្នាំញៀនជិត៣គីឡូក្រាម ត្រូវកម្លាំងកងអាវុធហត្ថបង្ក្រាបបាន ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់បុរសម្នាក់ ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្កកណ្តាល។ នេះបើតាមការឱ្យដឹងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។
ប្រតិបត្តិការចុះស្រាវជ្រេាវស៊ើបអង្កេតយ៉ាងស៊ីជម្រៅនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ធ្នូ ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញខេត្តកណ្ដាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងនៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ចំណែកឯបក្ខពួកជនសង្ស័យផ្សេងទៀត បានព្យាយាមបើករថយន្តគេចខ្លួនចេញពីកន្លែងបង្ក្រាបបាត់ស្រមោលអស់តែម្ដង។
យ៉ាងណាមិញ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល បានបន្តពន្លៀតដែនសមត្ថកិច្ចរបស់ខ្លួន ដោយសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការត្រួតពិនិត្យលំនៅឋាន ក្រុមជនសង្ស័យនៅខេត្តកំពង់ឆ្នាំង រកឃើញថ្នាំញៀនចំនួន១២កញ្ចប់ ទម្ងន់សរុបប្រមាណ៣គីឡូក្រាមដែលលាក់ទុកក្នុងធុងជ័រ កប់ក្នុងដីនៅក្នុងរោងខាងក្រោយផ្ទះជនសង្ស័យ ព្រមទាំងរថយន្ត៣គ្រឿង និងវត្ថុតាងមួយចំនួនសម្រាប់ធ្វើទារុណកម្មវាយជនរងគ្រោះ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធីច្បាប់ និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារផងដែរ ៕

