រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យវិស័យឯកជន ប្រកាន់យកគោលការណ៍ឈ្នះឈ្នះ ទាំងសងខាង ក្នុងគោលបំណងពង្រឹងកិច្ចសហការ បង្កើនប្រសិទ្ធភាពការងារ និងមាននិរន្តរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យវិស័យឯកជន ប្រកាន់យកគោលការណ៍ឈ្នះឈ្នះ ទាំងសងខាង (ស្ថាប័នរដ្ឋ និងវិស័យឯកជន) ក្នុងគោលបំណងពង្រឹងកិច្ចសហការ បង្កើនប្រសិទ្ធភាពការងារ និងមាននិរន្តរភាព។
ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការចូលរួមបណ្តុះពន្លកបៃតង» រវាងក្រសួងបរិស្ថាន ជាមួយ ក្រុមហ៊ុន SMART Axiata Co., LTD កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងដូច្នេះថា ក្រសួងតែងតែស្វាគមន៍ជានិច្ចនូវការចូលរួមសហការ ពីសំណាក់វិស័យឯកជន ក្នុងកិច្ចការពារបរិស្ថាន ដើម្បីភាពស្អាត និងភាពបៃតង។
ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ប៉ុន្តែចំពោះកិច្ចសហការនេះទៀតសោត ក្រសួងប្រកាន់យកនូវគោលការណ៍ឈ្នះឈ្នះ ដែលជារូបមន្តដ៏មានស័ក្តិសិទ្ធភាព ក្នុងន័យសំដៅលើការបំពេញឱ្យគ្នាទៅវិញទៅមករវាង ស្ថាប័នរដ្ឋនិងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដើម្បីសម្រេចបានទិសដៅយុទ្ធសាស្រ្តរៀងៗខ្លួន និងជាពិសេស ឆ្លើយតបទៅនឹងកិច្ចគាំពារបរិស្ថាន ដែលបម្រើឱ្យប្រយោជន៍ដល់អ្នកវិនិយោគផង ដល់បរិស្ថានកម្ពុជាផង និងដល់រាជរដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋកម្ពុជាផង៕

