សម្ដេចធិបតី៖ រាជរដ្ឋាភិបាល តែងតែលើកពីកត្តាសុខសន្តិភាព ក៏ដោយសារតែសន្តិភាពនៅកម្ពុជា នៅផុយស្រួយណាស់ ប្រសិនបើយើងមានការធ្វេសប្រហែស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រប់វេទិកាសាធារណៈ រាជរដ្ឋាភិបាល តែងតែលើកឡើងពីកត្តាសុខសន្តិភាព រហូតមានអ្នកខ្លះរិះគន់ ។ សម្ដេចថា ការលើកឡើងនេះ ក៏ដោយសារតែសន្តិភាពនៅកម្ពុជា នៅផុយស្រួយណាស់ប្រសិនបើយើងមានការធ្វេសប្រហែស។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ប្រារព្ធនៅក្រុងអារិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរំលឹកពីពាក្យសន្តិភាពនោះ ក៏ព្រោះតែនៅពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួន កំពុងតែទទួលរងទុក្ខវេទនាដោយសារសង្រ្គាម ដូចដែលយើងបានមើលឃើញច្បាស់ទាំងអស់គ្នា ដូចជា អ៊ុយក្រែនជាដើម។
សម្តេចធិបតី បានដង្កត់ធ្កន់ថា កម្ពុជាទើបតែទទួលបានសុខសន្តិភាពពេញលេញរយៈពេលប្រមាណ២៦ឆ្នាំតែប៉ុណ្ណោះ ដែលប្រការនេះចាំបាច់យើងត្រូវរួមគ្នាថែរក្សាសន្តិភាពបន្តទៀតឱ្យបានរាប់រយឆ្នាំទៅមុខដើម្បីកូនចៅយើងជំនាន់ក្រោយ ៕

